(មណ្ឌលគិរី)៖ សហព័ន្ធកីឡាបាញ់កាំភ្លើងបានរៀបចំការប្រកួតកីឡាបាញ់កាំភ្លើងពានរង្វាន់ CSF IPSC Challenge Series ឆ្នាំ២០២៤ ដោយបានបញ្ចប់ដោយជោគជ័យ បន្ទាប់ពីដំណើររយៈពេល១ថ្ងៃ នៅខេត្តមណ្ឌលគិរី ក្នុងនោះមានកីឡាករចូលរួមសរុប២៧នាក់ ចែកចេញជា៤វិញ្ញាសា។
លោក ស៊ិន សូផានណាក់ អគ្គលេខាធិការសហព័ន្ធកីឡាបាញ់កាំភ្លើង បានឱ្យដឹងថា ការប្រកួតកីឡាបាញ់កាំភ្លើងពានរង្វាន់ CSF IPSC Challenge Series ឆ្នាំ២០២៤ មានកីឡាករចូលរួមសរុប២៧នាក់ ចែកចេញជា៤វិញ្ញាសា។ លោកអគ្គលេខាធិការបានបន្តថា បន្ទាប់ពីការប្រកួតនេះ សហព័ន្ធគ្រោងនឹងរៀបចំការប្រកួតថ្នាក់ជាតិ ដើម្បីស្វែងរកកីឡាករឆ្នើមចូលក្រុមជម្រើសរើសជាតិហ្វឹកហាត់បង្កើនសមត្ថភាព និងបច្ចកេទេសអោយកាន់តែប្រសើរ ជាពិសេសសហព័ន្ឌមានផែនការបញ្ជូនកីឡាករទៅហ្វឹកហាត់ក្រៅប្រទេស និងការប្រកួតជាលក្ខណៈអន្តរជាតិ ដូចជា ក្នុងតំបន់អាស៊ាន អាស៊ី និងលើវិញ្ញាសាកីឡាអូឡាំពិកជាដើម។
លោក សុខ ពុទ្ធិវុធ ប្រធានសហព័ន្ធកីឡាបាញ់កាំភ្លើង បានឱ្យដឹងដែរថា គោលបំណងសំខាន់នៃការរៀបចំការប្រកួតនេះ គឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាពកីឡាករ ដើម្បីចូលរួមការប្រកួតជាលក្ខណៈអត្តរជាតិធំៗ ដូចជា ការប្រកួតអន្តរជាតិ នៅតំបន់អាស៊ាន កីឡាអាស៊ី ក្នុងនោះសហព័ន្ធក៏កំពុងពង្រឹងវិញ្ញាសាកីឡា Olympic គឺវិញ្ញាសាបាញ់កាំភ្លើង ISSF ផងដែរ។
ប៉ុន្តែដើម្បីជោគជ័យការប្រកួតធំៗបាន លោកប្រធានស្នើឱ្យកីឡាករ គ្រូបង្វឹក បង្កើនយកចិត្តទុកដាក់លើការបណ្តុះបណ្តាល នៅលើទីលានប្រកួតជាក់ស្តែង ទាំងទ្រឹស្តី បច្ចេកទេស និងបទពិសោធន៍ប្រកួតដល់កីឡាករថ្មីៗ ដែលទើបប្រកួតរួច។
លោក សុខ ពុទ្ធិវុធ បន្ថែមទៀតថា ក្រៅពីផ្តោតលើសិទ្ធផល ការហ្វឹកហាត់ និងការបណ្តុះបណ្តាល កាប្រកួតនេះ ក៏បានរួមចំណែកបំផុស ផ្សព្វផ្សាយកីឡាបាញ់កាំភ្លើងអោយកាន់តែទូលំទូលាយ និងរីកចម្រើន ថែមទាំងទទួលបានសាមគ្គីភាព មិត្តភាព និងបង្កើនកិច្ចសហប្រតិបត្តិការគ្នាអោយកាន់តែស្អិតរមួតបន្ថែមទៀត ជាពិសេសកីឡាទំនើបមួយនេះ ក៏ជាចលករអាចស្រូបទាញកីឡាករបរទេស និងភ្ញៀវទរសចរអន្តរជាតិមកកាន់កម្ពុជាផងដែរ។
គួរបញ្ជាក់ថា សម្រាប់លទ្ធផលបច្ចេកទេសការប្រកួតលើ៤វិញ្ញាសាវិញ វិញ្ញាសា OPEN លេខ១ កីឡាករ KUCH , លេខ២ RITH និងលេខ៣ កីឡាករ SOK PUTHYVUTH។ វិញ្ញាសា PRODUCTION OPTICS លេខ១ MONI, លេខ២ YOUTH និងលេខ៣ VANNMA។ វិញ្ញាសា STANDARD លេខ១ NIKOSON លេខ២ ISHIKAWA និងលេខ៣ RICHIE៕