(ភ្នំពេញ)៖ លោក ណយ ផាណា អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បានបង្ហាញសុទិដ្ឋិនិយមខ្ពស់ ចំពោះសមិទ្ធផលកីឡាកររបស់ខ្លួន បន្ទាប់ពីបោះជំរំហ្វឹកហាត់រយៈពេលវែង នៅសាធារណៈរដ្ឋប្រជាមានិតចិន គឺមានការកើនឡើងនូវគុណផលខ្ពស់ ដែលជាក្ដីរំពឹងសម្រាប់ត្រៀមការប្រកួតអន្ដរជាតិនាពេលខាងមុខ ពិសេសត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នាឆ្នាំ២០២៥ ខាងមុខ ។

ការលើកឡើងនេះ បន្ទាប់ពីក្រុមកីឡាកាយសម្ព័ន្ធ និងកីឡាលើកទម្ងន់កម្ពុជា បានធ្វើដំណើរមកដល់មាតុភូមិវិញ ក្រោមការទទួលស្វាគមន៍ពីលោក សំ សុខយី អនុប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា តំណាង NOCC និងមន្ដ្រីសហព័ន្ធជាតិ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤ ។ នេះគឺជាប្រតិភូកីឡាកម្ពុជាចុងក្រោយ ក្នុងចំណោម ១២ប្រភេទកីឡា ដែលបានបញ្ចប់ការហ្វឹកហាត់ដំណាក់កាលទី២ នៅចិន និងត្រឡប់មកដល់កម្ពុជាវិញ ។

មន្ដ្រីជំនាញដដែលបន្ដថា យោងតាមរបាការណ៍ប្រចាំថ្ងៃ ក៏ដូចជាការធ្វើការផ្ទាល់ជាមួយប្រតិភូដឹកនាំកីឡាកម្ពុជា និងភាគីចិន លោកសង្កេតឃើញលក្ខណៈបច្ចេកទេស នៃការហ្វឹកហាត់របស់ក្រុមកីឡាករកីឡាកាយសម្ព័ន្ធមានលក្ខណៈល្អប្រសើរច្រើន ដែលសហព័ន្ធទទួលយកបាន ក៏ព្រោះការមានកម្មវិធីហ្វឹកហាត់ និងគ្រូបង្វឹកត្រឹមត្រូវ គួបផ្សំជាមួយការយកចិត្តទុកដាក់លើការស្នាក់នៅ-ហូបចុក និងការគ្រប់គ្រងបានល្អថែមទៀត ។

លោក ណយ ផាណា បន្ថែមថា «សម្រាប់ការហ្វឹកហាត់ ក្នុងដំណាក់កាលទី២ នេះ គឺជាលទ្ធផលមួយដ៏ល្អសម្រាប់កីឡាករកាយសម្ព័ន្ធកម្ពុជា ។ ពួកយើងទទួលបាននូវកិច្ចសហការការងារល្អ អំពីទំនាក់ទំនង រវាងប្រធានប្រតិភូដឹកនាំ ជាមួយសហព័ន្ធជាប្រចាំ ហើយជាលទ្ធផលនៃការហ្វឹកហាត់ ខ្ញុំពិនិត្យឃើញ ជាគុណផលល្អមែនទែន សម្រាប់កីឡាកររបស់យើង ត្រៀមឆ្ពោះទៅកីឡាស៊ីហ្គេម លើកទី៣៣ ឆ្នាំ២០២៥ នៅថៃ»

លោក សំ សុខយី បានឲ្យដឹងថា មកទល់ពេលនេះ ប្រតិភូកីឡាកម្ពុជា លើ ១២ប្រភេទកីឡា ស្មើនឹង ១៣៥នាក់ គឺបានត្រឡប់មកដល់មាតុភូមិវិញអស់ហើយ បន្ទាប់ពីការហ្វឹកហាត់ដំណាក់កាលទី២ រយៈពេល ១២៥ថ្ងៃ ដែលជាការអនុវត្តបន្ដនូវគម្រោងជំនួយឥតសំណងលើការអភិវឌ្ឍកីឡាជំនាញកម្រិតខ្ពស់ រវាងរដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា បន្ទាប់ពីការហ្វឹកហាត់ដំណាក់កាលទី១ ត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ កាលពីឆ្នាំ២០២៣ កន្លងទៅ ។

បន្ទាប់ពីត្រឡប់មកដល់មាតុភូមិវិញ ក្នុងនាមមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក៏ដូចជាអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា លោកបានអំពាវនាវដល់គ្រូបង្វឹក និងកីឡាករ-កីឡាការិនីទាំងអស់ ត្រូវបន្ដរៀបចំផែនការហ្វឹកហាត់ឲ្យបានជាប់លាប់ជាប្រចាំ ដើម្បីរក្សា និងបង្កើននូវសិទ្ធផលកាន់តែល្អប្រសើរថែមទៀត សម្រាប់ត្រៀមការប្រកួតអន្ដរជាតិនានា ពិសេសកីឡាស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ និងការត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ផងដែរ ៕