(បរទេស)៖ បន្ទាប់ពីការស៊ើបអង្កេតមួយរយៈពេលមកនេះ អាជ្ញាធរគយ និងការពារព្រំដែនសហរដ្ឋអាមេរិកបានកំណត់ថា Apple Watch Series 9 ទាំងពីរម៉ូដែលដែលបានធ្វើការឌីហ្សាញឡើងវិញរបស់ក្រុមហ៊ុន Apple គឺមិនស្ថិតនៅក្រោមការហាមឃាត់ដែលដាក់ដោយគណៈកម្មការពាណិជ្ជកម្មអន្តរជាតិសហរដ្ឋអាមេរិក (ITC) នោះទេ។ ពោលគឺ Apple អាចដាក់លក់បានធម្មតានៅទូទាំងទីផ្សារសហរដ្ឋអាមេរិកដូចដើម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។

ការហាមឃាត់ការនាំចូល ដែលអនុវត្តចំពោះ Apple Watch Series 9 និង Ultra 2 បច្ចុប្បន្ននេះគឺ ផ្តើមចេញពីជម្លោះការរំលោភប៉ាតង់បច្ចេកវិទ្យាជាមួយនឹងក្រុមហ៊ុន Masimo។ ប៉ុន្តែ Apple បានបញ្ចុះបញ្ចូល និងអង្វករតុលាការឧទ្ធរណ៍របស់សហរដ្ឋអាមេរិកឱ្យផ្អាកការហាមឃាត់នេះ ហើយចាប់តាំងពីពេលនោះមក Apple បានបន្តលក់ Apple Watch របស់ខ្លួនឡើងវិញជាធម្មតា។

យ៉ាងណាមិញចំពោះការកំណត់ពីអាជ្ញាធរគយ និងការពារព្រំដែនសហរដ្ឋអាមេរិកនេះ អាចនឹងត្រូវបានបដិសេធ ប្រសិនបើ ITC មិនយល់ស្រប។ ដោយឡែកជុំវិញព័ត៌មានលម្អិតនៃការឌីហ្សាញ Apple Watch ទាំងពីរម៉ូដែលនេះឡើងវិញមិនត្រូវបានបានបង្ហាញជាសាធារណៈនោះទេ ថា Apple គួរតែធ្វើបែបណាខ្លះ ខណៈការកែប្រែនេះទំនងជាអាចពាក់ព័ន្ធនឹងការធ្វើបច្ចុប្បន្នភាពនៅលើ Software។

គួរជម្រាបដែរថា ការហាមប្រាមនេះចូលជាធរមានជាផ្លូវការនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ប៉ុន្តែ Apple បានបន្តលក់ Apple Watch វិញនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៣ ក្រោយមួយថ្ងៃ បន្ទាប់ពីសាលាឧទ្ធរណ៍របស់សហរដ្ឋអាមេរិកសម្រាប់ Federal Circuit បានផ្អាកការហាមឃាត់នេះ៕