(ភ្នំពេញ)៖ ផលិតករជើងចាស់ ឆាយ បូរ៉ា បានសម្ពោធចាក់បញ្ចាំងជាផ្លូវការហើយ នូវខ្សែភាពយន្ដខ្នាតធំរឿង «អ៊ំចនម៉ែដោះ» នៅរោងកុន Major Cineplex ផ្សារទំនើបអ៊ីអន១ កាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ កន្លងទៅនេះ ក្រោមវត្ដមានតំណាងពីក្រសួងវប្បធម៌ ផលិតករ និងសិល្បករ-សិល្បការិនីជាច្រើនរូបចូលរួម។ បន្ទាប់ពីបើកសម្ពោធរួចរាល់ ហើយដាក់បញ្ចាំតាមបណ្ដារោងភាពយន្តទំនើបនានា ត្រូវបានផលិតករបង្ហាញក្ដីរំពឹងថា នឹងមានការគាំទ្រច្រើនពីសំណាក់មហាជន ព្រោះរឿងនេះ​ជារសជាតិកំប្លែងថ្មីប្លែកមួយទៀត ដែលមានតួឯកក្នុងរឿងជាតារាកំប្លែងស្រាប់ ហើយសម្ដែងបានយ៉ាងល្អទៀតផង។

លោក ឆាយ បូរ៉ា ម្ចាស់ផលិតកម្មដើមត្នោតបានថ្លែងថា មិនត្រឹមតែទស្សនិកជនទេ សូម្បីតែអ្នកដឹកនាំរឿងក៏ទទួលបានសំណើចពីខ្សែភាពយន្ដនេះដែរ ព្រោះគ្រប់ឈុតឆាកមានសើចក៏សើចខ្លាំង ហើយកម្សត់នោះក៏កម្សត់ខ្លាំង។ តួអង្គអ៊ំចន សម្ដែងចូលតួបានយ៉ាងល្អ ដែលលោកមិនធ្លាប់ជួបតួណាផ្សេងធ្វើបានល្អយ៉ាងនេះទេ ហើយ Script ដែលលោកសរសេរនោះ ក៏កាន់តែត្រូវតួអង្គអ៊ំចន ដែលសម្ដែងដោយនាយកុយនោះទៀត។

ផលិតករជើងចាស់រូបនេះបានបញ្ជាក់ថា ភាពយន្តដែលមានតារាកំប្លែង ជួង ជី ហៅនាយ កុយ ជាតួឯកនេះ ជាភាពយន្តបែបកំប្លែងផង និងបង្កប់ដោយការអប់រំពីជីវិត ក៏ដូចជាការតស៊ូ ដើម្បីជីវភាពរស់នៅ ដែលឆ្លុះបញ្ចាំងពីសង្គមបច្ចុប្បន្នផងដែរ។ អ្វីដែលកើតចេញពីការខិតខំប្រឹងប្រែងសម្រិតសម្រាំងនេះ លោកជឿជាក់ថា ទស្សនិកជន នឹងទទួលបានទស្សនីយភាពថ្មីប្លែកបន្ថែមលើភាពយន្តជាតិ និងអន្តរជាតិដែលត្រូវបានចាក់បញ្ចាំងនាពេលកន្លងមក។

លោកបានគូសរំលេចបន្ថែមថា «អ៊ំចន» បានរស់នៅតែខ្លួនមួយអស់រយៈពេល ៦៦ឆ្នាំ ពោលគឺចាប់តាំងពីក្រោយពីរបបប៉ុលពតមក លោកពុំមានគ្រួសារអ្វីទាំងអស់ ប៉ុន្ដែជីវិតចុងក្រោយរបស់លោក ប្រាថ្នាចង់មានគ្រួសាររួមរស់ជុំគ្នា បើទោះបីជាមិនមែនជាសាច់សារលោហិតក៏ដោយ។ លោកស្រឡាញ់ក្មេងៗ រហូតដល់ផ្ទះរបស់អ៊ំចនដាក់តាំងសុទ្ធតែតុក្កតា និយាយជាមួយតុក្កតា។ រហូតដល់ថ្ងៃជួបនៃក្ដីសង្ឃឹមមួយ ដោយមានអ្នកមេម៉ាយកូនប្រាំម្នាក់ បានសម្រេចចិត្ដប្រកាសរើសម៉ែដោះ ដើម្បីសម្រួលការងារ និងមើលថែកូនៗ។

លោក ឆាយ បូរ៉ា ក៏ចង់ឃើញនូវមនសិកាស្នេហា និងគាំទ្រភាពយន្តជាតិពីសំណាក់ទស្សនិកជនផងដែរ តាមរយៈការចូលរួមគាំទ្រឲ្យសមស្រប ទៅនឹងការលះបង់របស់ផលិតករគ្រប់រូប ក្នុងដំណើរការជ្រោមជ្រែងវិស័យមួយនេះកន្លងមក។ ខ្សែភាពយន្ដ «អ៊ំចនម៉ែដោះ» គឺជាស្នាដៃទី២ បន្ទាប់ពីខ្សែភាពយន្ដបែបកំប្លែងស្រដៀងគ្នា គឺរឿង «លោកគ្រូប្រពន្ធល្អ» របស់លោក ឆាយ បូរ៉ា ត្រូវបានសម្ពោធដាក់បញ្ចាំង នៅក្រោយស្ថានភាពជំងឺកូវីដ-១៩ បានស្ងប់ស្ងាត់ ហើយគ្រប់រោងភាពយន្ដ មានមនុស្សចូលមើល១០០%ឡើងវិញ។

ក្នុងពិធីសម្ពោធដាក់បញ្ចាំងជាផ្លូវការនូវរឿង «អ៊ំចនម៉ែដោះ» កាលពីយប់មិញនេះ គេឃើញវត្ដមានតំណាងពីក្រសួងវប្បធម៌លោក ហាប់ ទូច, លោក ស៊ិន ចាន់សាយ៉ា, លោក ប៉ុក បូរក្ស, ផលិតករ ឆាយ បូរ៉ា, តារសម្ដែងជើងចាស់ ឌី សាវ៉េត, អ្នកនាង ឌី សុនីតា, លោក ជួង ជី ហៅនាយកុយ, លោក ទេព រិនដារ៉ូ និងលោក សាយ ជាដើម។ ខ្សែភាពយន្ដនេះ នឹងចាប់ផ្ដើមចាក់បញ្ចាំង នៅគ្រប់រោងភាពយន្ដ ចាប់ពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តទៅ។

សូមបញ្ជាក់ថា លោក ឆាយ បូរ៉ា ចាងហ្វាងផលិតកម្មដើមត្នោត ធ្លាប់បានបង្កើតស្នាដៃភាពយន្តជាច្រើននាពេលកន្លងមក។ ក្នុងនោះភាពយន្តមួយចំនួនទទួលបានពានរង្វាន់អន្តរជាតិទៀតផង។ ជាក់ស្ដែងរឿង «ឃ្លាតទៅសែនឆ្ងាយ» រួមទាំងភាពយន្តជាច្រើនទៀត។ ដោយឡែកចំពោះភាពយន្តរឿង «អ៊ំចនម៉ែដោះ» ដែលជាវណ្ណកម្មថ្មីទើបនឹងបើកសម្ពោធដាក់បញ្ចាំងនេះ ក៏អាចនឹងទទួលបានការគាំទ្រដូចរឿង «លោកគ្រូប្រពន្ធល្អ» ដែលជាប់ក្នុងមហោស្រពភាពយន្តនៅប្រទេសចិន ក្រោយបានចាក់បញ្ចាំងកាលពីចុងឆ្នាំ២០២២ ផងដែរ៕