(ភ្នំពេញ)៖ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា បានចាប់ផ្តើមដំណើរការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៣ របស់ខ្លួន ដែលគ្រោងធ្វើឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៥-១៧ ខែមករា ឆ្នាំ២០២៤ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដើម្បីស្វែងរកជើងខ្លាំងប្រចាំឆ្នាំ និងជាឱកាសដើម្បីជំរុញការអភិរក្ស និងអភិវឌ្ឍន៍នូវប្រភេទកីឡាប្រពៃណី ដែលជាមរតកដូនតាខ្មែរនេះផងដែរ ។

យោងតាមមន្ដ្រីសហព័ន្ធ ការប្រកួតប្រចាំឆ្នាំ ក្រោមគម្រោងថវិកាក្រសួងអប់រំ យុវជន និងកីឡានេះ គឺមានកីឡាករ-កីឡាការិនី ៨០នាក់ចូលរួម ហើយត្រូវធ្វើការប្រកួតជម្រុះចំនួន ៣ជុំ(ជុំទី១ ជម្រុះ ៤០នាក់ចេញ, ជុំទី២ ជម្រុះ ២០នាក់ចេញ និងជុំទី៣ ជម្រុះ ១០នាក់ចេញ) រហូតរកឃើញបេក្ខភាព ១០នាក់ចុងក្រោយ ហើយបែងចែកជា ២ពូល ដើម្បីបន្ដការប្រកួត រហូតរកឃើញកីឡាករ-កីឡាការិនីជយលាភីតែម្ដង ។

លោក គុជ គីមឡុង ប្រធានសហព័ន្ធ ក្នុងឱកាសចូលរួមទស្សនា និងលើកទឹកចិត្តផ្ទាល់នៅទីលាន បានចាត់ទុកការប្រកួតជើងឯកថ្នាក់ជាតិនេះ គឺជាពេលវេលាដ៏មានសារៈសំខាន់ក្នុងការពង្រឹង និងលើកស្ទួយវិស័យកីឡាអុកចត្រង្គ ដែលជាកេរដំណែលដូនតាខ្មែរ ដើម្បីបន្តការអភិរក្ស និងអភិវឌ្ឍវិស័យកីឡាប្រពៃណីមួយនេះ ឲ្យកាន់តែរីកចម្រើន និងទទួលបាននូវលទ្ធផលល្អ ក្នុងការប្រកួតថ្នាក់ជាតិ និងអន្តរជាតិ ។

ប្រធានសហព័ន្ធដដែលបានសង្កត់ធ្ងន់ថា គោលបំណងសំខាន់នៃការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិរៀងរាល់ឆ្នាំនេះ គឺដើម្បីរួមចំណែកក្នុងការអភិរក្ស និងអភិវឌ្ឍន៍កីឡាអុកចត្រង្គ ដែលជាកេរមរតកពីដូនតាខ្មែរ សម្រាប់ឲ្យកូនខ្មែរគ្រប់ជំនាន់ បានយល់ដឹង ហើយចូលរួមថែរក្សា និងផ្សព្វផ្សាទៅកាន់បណ្តាលប្រទេស ក្នុងតំបន់ និងជុំវិញពិភពលោក ។

បន្ថែមលើនេះ លោកក៏បានគោរពថ្លែងអំណរគុណរាជរដ្ឋាភិបាល ពិសេសសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រីនៃកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បច្ចុប្បន្ន ដែលតែងតែយកចិត្តទុកដាក់ និងផ្ដល់នូវការឧបត្ថម្ភគាំទ្រដល់វិស័យកីឡាជាតិ រួមទាំងកីឡាអុកចត្រង្គផងដែរ ដើម្បីជំរុញវិស័យកីឡាកម្ពុជាមានការអភិវឌ្ឍ និងរីកចម្រើនជាបន្ដបន្ទាប់ ក្រោមម្លប់សន្ដិភាព ជាមួយពាក្យស្លោក «កីឡារស់ក្នុងសន្ដិភាព»