(បរទេស)៖ ភាពយន្តនិយាយពីបុរសជាប់គុកដោយសារពាក់ក្រវ៉ាត់ក មានចំណងជើងថា «Amerikatsi» បានក្លាយជាភាពយន្តអាមេនីដំបូងគេ ដែលបានបញ្ចូលទៅក្នុងបញ្ជី Shortlist របស់ព្រឹត្តិការណ៍ពានរង្វាន់លំដាប់ពិភពលោក Oscar ជាលើកដំបូង។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។

ខ្សែភាពយន្តនេះមានការដឹកនាំ និងនិពន្ធដោយតារាសម្តែងអាមេរិក Michael A.Goorjian ហើយលោកក៏ជាតួសម្តែងមួយរូបក្នុងរឿងនេះផ្ទាល់ផងដែរ។ លោកបាននិយាយថា «ខ្សែភាពយន្តភាគច្រើនដែលត្រូវបានផលិត អំពីអាមេនីពិតជាមាននិន្នាការជុំវិញការប្រល័យពូជសាសន៍។ ខ្ញុំចង់បង្កើតខ្សែភាពយន្តមួយដែលរីករាយសម្រាប់ជនជាតិអាមេនី និងអ្វីមួយដែលអាចទាក់ទងនឹងជនជាតិអាមេនី»។ ថតនៅប្រទេសអាមេនី ជាមួយនឹងតួសម្តែងក្នុងស្រុក និងក្រុមនាវិកភាគច្រើន រឿង «Amerikatsi» (អាមេរិចនៅអាមេនី) នេះ ត្រូវបានផលិតឡើង ដើម្បីកសាងឡើងវិញនូវឧស្សាហកម្មភាពយន្ត របស់ប្រទេសដែលបានបាត់បង់ បន្ទាប់ពីបានឯករាជ្យពីសហភាពសូវៀតក្នុងឆ្នាំ១៩៩១។

គួរជម្រាបថា ការថតភាពយន្តនេះ ត្រូវបានរំខានដោយសារតែជំងឺរាតត្បាត COVID-19 បានចំណាយពេលប្រហែល៧ខែ ដើម្បីបញ្ចប់នៅក្នុងខែកក្កដា ឆ្នាំ២០២០។ ភាពយន្តនេះ បានចាក់បញ្ចាំងជាលើកដំបូងនៅមហោស្រពភាពយន្ត Woodstock ក្នុងឆ្នាំ២០២២ និងបានធ្វើឲ្យអ្នកទស្សនាជាច្រើនរីករាយនឹងការទស្សនា ជាមួយសាច់រឿងនិយាយពីកាប្រឹងរស់រានមានជីវិត និងការតស៊ូ៕