(អ៊ីស្តង់ប៊ូល)៖ ប៉ូលិសតួកគី បានឃុំខ្លួនកីឡាករបាល់ទាត់សញ្ជាតិអ៊ីស្រាអែល Sagiv Jehezkel ពេញមួយយប់ ហើយបានដោះលែងលោកវិញ នៅថ្ងៃចន្ទ បន្ទាប់ពីសាកសួរគាត់ អំពីសារដែលលោកសរសេរ នៅលើកដៃរបស់គាត់ អំឡុងពេលការប្រកួតមួយដែលមានន័យលើស ១០០ថ្ងៃ ចាប់តាំងពីការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយក្រុម Hamas លើប្រទេសអ៊ីស្រាអែល។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤។

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួកគី លោក Yilmaz Tunc បានលើកឡើងថា រដ្ឋអាជ្ញារបាននឹងកំពុងធ្វើការស៊ើបអង្កេត ទៅលើកីឡាករ Jehezkel ពីបទ «ញុះញង់មនុស្សឱ្យស្អប់ខ្ពើម និងភាពជាសត្រូវ» ដោយបង្ហាញសារលើបង់រុំកដៃរបស់លោកថា «១០០ថ្ងៃ, ៧.១០»

ក្រសួងការបរទេសអ៊ីស្រាអែល បានលើកឡើងថា អាជ្ញាធរតួកគី បានដោះលែងកីឡាករ Jehezkel ពីមន្ទីរឃុំឃាំងរបស់ប៉ូលិសហើយ ហើយថាលោកនឹងវិលត្រឡប់ទៅអ៊ីស្រាអែលវិញ នាថ្ងៃចន្ទ ហើយរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានថ្កោលទេសតួកគី ជុំវិញការឃុំខ្លួននេះ ដោយចោទប្រកាន់ថា «វាជាសកម្មភាពដូចជាដៃរបស់ក្រុម Hamas»

ក្លិបបាល់ទាត់ Antalyaspor ស្ថិតនៅភាគខាងត្បូងតួកគី ដែលកីឡាករ Jehezkel លេងឱ្យនោះ ក៏បានលើកឡើងដែរថា «លោកត្រូវបានគេដោះលែងឱ្យមានសេរីភាពហើយ ហើយមានយន្តហោះឯកជនមួយ នឹងនាំរូបលោក និងក្រុមគ្រួសាររបស់លោក ត្រឡប់ទៅកាន់អ៊ីស្រាអែលវិញ ហើយបន្តថា លោកត្រូវបានបណ្តេញចេញពីក្លិប ពីបទប្រព្រឹត្តិសកម្មភាពប្រឆាំងនឹងតម្លៃប្រទេសតួកគី។ Jehezkel មានវ័យ ២៨ឆ្នាំ បានស្ថិតក្រោមការស៊ើបអង្កេត ដោយសារអាកប្បករិយាដ៏អាក្រក់របស់លោក ក្នុងការគាំទ្រការសម្លាប់រង្គាលរបស់អ៊ីស្រាអែល ក្នុងតំបន់ Gaza ក្រោយការរកគ្រាប់បាល់បាន», នេះបើសម្តីរដ្ឋមន្ត្រីក្រសួងយុត្តិធម៌តួកគី បានបង្ហោះលើប្រព័ន្ធទំនាក់ទំនង X។

សូមជម្រាបថា ក្រុមសកម្មប្រយុទ្ធ Hamas បានវាយប្រហារលើសហគមន៍អ៊ីស្រាអែល ជាការវាយប្រហារឆ្លងព្រំដែនដ៏ភ្ញាក់ផ្អើលមួយ កាលពីថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សប្រមាណជាង ១,២០០នាក់ និងចាប់ខ្លួនចំណាប់ខ្មាំងជាង ២៤០នាក់។ នេះបើយោងតាមមន្ត្រីអ៊ីស្រាអែល៕