(បរទេស)៖ ថ្មីៗនេះ Apple បានប្រកាសថា ខ្លួននឹងចាប់ផ្តើមទទួលការបញ្ជាទិញជាមុន (Pre-Orders) សម្រាប់វែនតា Apple Vision Pro នៅសហរដ្ឋអាមេរិកនៅថ្ងៃទី១៩ ខែមករា ដោយគ្រឿងដំបូងត្រូវបានគេរំពឹងថា នឹងដាក់លក់នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ ដោយឡែកតាមចុះផ្សាយចុងក្រោយនេះ Apple បានកែប្រែគោលការណ៍នៃការបញ្ជាទិញថ្មី ដោយតម្រូវឱ្យអ្នកប្រើប្រាស់ធ្វើការស្កេនមុខ (FaceID) ជាមួយ iPhone ឬ iPad ជាមុនសិនទើបអាចបញ្ជាទិញបាន។ នេះបើយោងតាមការចេញផ្សាយរប់សារព័ត៌មាន GSMArena នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។

គោលការណ៍ថ្មីនេះមិនត្រូវបាន Apple បញ្ជាក់ថាលម្អិតនោះទេ។ តែបើតាមប្រភពពី MacRumors បានបង្ហើបឱ្យដឹងថា Apple ទំនងជាត្រូវការស្កេនមុខ ដើម្បីកំណត់ទំហំផ្ទៃមុខអ្នកប្រើប្រាស់សម្រាប់ Apple Vision Pro រួមទាំងកំណត់ទៅលើ Light Seal និង headbands ឱ្យបានត្រឹមត្រូវផងដែរ។

ប្រភពបានលើកឡើងបន្ថែមថា ក្នុងនោះក៏ត្រូវការពិនិត្យទៅលើទំហំដឺក្រភ្នែកផងដែរ ដូច្នេះសម្រាប់អ្នកដែលធ្លាប់បានវាស់ភ្នែក នឹងមានវេជ្ជបញ្ជាត្រឹមត្រូវអាចបង្ហាញទៅកាន់បុគ្គលិក Apple បាន ដោយឡែកចំពោះអ្នកដែលពុំធ្លាប់ពិនិត្យ នឹងត្រូវទទួលការប្រឹក្សាយោបល់បន្ថែមពី Apple។

គួរជម្រាបដែរ វិធីសាស្រ្តក្នុងការបញ្ជាទិញវែនតា Vision Pro ថ្មីពីក្រុមហ៊ុន Apple ទំនងជាចង់បង្កើនគុណភាពនៅក្នុងការប្រើប្រាស់ រួមទាំងធ្វើការពិនិត្យច្បាស់លាស់ នឹងអាចប្រើប្រាស់បានត្រឹមតែម្នាកប៉ុណ្ណោះ។ ដោយឡែកសមាជិកក្នុងគ្រួសារ ឬ មិត្តភក្កិដែលចង់ប្រើប្រាស់ Apple Vision Pro ត្រូវតែពិចារណាក្នុងការទិញថ្មីមួយបន្ថែមទៀត ខណៈតម្លៃនឹងមានចាប់ពី ៣,៤៩៩ដុល្លារ៕