(ភ្នំពេញ)៖ លោកសន្តិបណ្ឌិត គៀត ច័ន្ទថារិទ្ធ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍធនធានកីឡាករ-កីឡាការិនីថ្នាលឲ្យបានខ្លាំង ដើម្បីត្រៀមធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥ ឆ្នាំ២០២៩ ខាងមុខ។

នេះបើតាមការលើកឡើងក្នុងពិធីបិទការប្រកួតកីឡាវាយកូនឃ្លីលើតុជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជម្នះ ៧មករា កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ បន្ទាប់ពីដំណើរការប្រកួតរយៈពេល ៥ថ្ងៃ នៅសាលដំបូលទូក នៃពហុកីឡដ្ឋានជាតិអូឡាំពិក។

ក្នុងនាមថ្នាក់ដឹកនាំសហព័ន្ធ លោកបានថ្លែងអំណរគុណដល់គណៈកម្មការរៀបចំការប្រកួត ក៏ដូចជាប្រតិភូ និងកីឡាករ-កីឡាការិនីទាំងអស់ ដែលបានចូលរួមការប្រកួតជើងឯកថ្នាក់ជាំតិឆ្នាំនេះ។ ការប្រកួតនេះ ធ្វើឡើងក្នុងគោលបំណងបំផុសដល់ស្រទាប់មហាជន និងសិស្ស-និស្សិតគ្រប់រាជធានី-ខេត្ត ដើម្បីលើកកម្ពស់បច្ចេកទេស និងវាស់ស្ទង់សមត្ថភាពកីឡាករ-កីឡាការិនី ត្រៀមការប្រកួតអន្ដរជាតិនានា។

ប្រធានសហព័ន្ធដដែលបន្ដថា «ឆ្នាំ២០២៩ កម្ពុជាធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី លើកទី៥។ ដូចនេះ កីឡាករ-កីឡាការិនី គ្រូបង្វឹក និងថ្នាក់ដឹកនាំសហព័ន្ធ ត្រូវយកចិត្តទុកដាក់ធ្វើយ៉ាងណាឲ្យកីឡាករ-កីឡាការិនីទទួលបានលទ្ធផលល្អ ក្នុងការប្រកួត ទាំងលក្ខណៈជាតិ និងអន្ដរជាតិ ជាពិសេសជំរុញ និងអភិវឌ្ឍន៍កីឡាករ-កីឡាការិនីថ្នាល ដែលមានសក្ដានុពលផ្ដោតទៅលើឆ្នាំ២០២៩»

ដើម្បីសម្រេចទិសដៅខាងលើនេះដែរ សហព័ន្ធបានដាក់ចេញនូវផែនការយុទ្ធសាស្ដ្រមួយចំនួន ដោយបំផុសការបណ្តុះបណ្តាលនៅតាមគ្រឹះស្ថានសិក្សាគ្រប់កម្រិត និងត្រៀមបើកវគ្គបណ្តុះបណ្តាលអាជ្ញាកណ្តាល មន្ត្រីបច្ចេកទេសរៀងរាល់ឆ្នាំ ក៏ដូចជាជំរុញការប្រឡងអាជ្ញាកណ្ដាលកម្រិតអន្ដរជាតិ និងបញ្ជូនគ្រូបង្វឹក កីឡាករ-កីឡាការិនី ទៅហ្វឹកហាត់រយៈពេលវែង នៅប្រទេសចិនជាដើម។

គួរដឹងថា ការប្រកួតកីឡាវាយកូនឃ្លីលើតុជើងឯកថ្នាក់ជាតិ និងអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៤៥នៃទិវាជ័យជម្នះ ៧មករា មានក្រុមចូលរួមសរុបមានចំនួន ១៦សមាគម-ក្លិប ស្មើនឹង ១៨ក្រុម ក្នុងនោះមានកីឡាករ-កីឡាការិនីសរុប  ៩៣នាក់ ដែលធ្វើការប្រកួតលើ ៧វិញ្ញាសា។ នេះបើតាមការបញ្ជាក់របស់លោក ហេង សុខជាតិ អគ្គលេខាធិការរងសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា៕