(ភ្នំពេញ)៖ ថ្នាក់ដឹកនាំសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានជំរុញដល់កីឡាករ-កីឡាការិនីទាំងអស់ ឲ្យបន្ដការខិតខំហ្វឹកហាត់ ដើម្បីសម្រួចសមត្ថភាពត្រៀមការប្រកួតជាតិ និងអន្ដរជាតិនានា ពិសេសស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ ដោយសហព័ន្ធសង្ឃឹមថា នឹងទទួលបានលទ្ធផលកាន់តែប្រសើរ ឬដូចស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

នេះបើតាមការគូសបញ្ជាក់នូវមតិផ្ដាំផ្ញើរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធ តាមរយៈលោក វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធ ក្នុងពិធីបិទការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ នៅទីលាននៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

ក្រោយរកឃើញកីឡាករ-កីឡាការិនីជយាលភីប្រចាំឆ្នាំ លោក វ៉ាត់ ចំរើន បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការយល់ដឹងពីមួយឆ្នាំទៅមួយឆ្នាំរបស់ប្រតិភូ និងអត្តពលិកចូលរួម ទៅលើបទបញ្ជាការប្រកួត ក៏ដូចជាក្រមសីលធម៌កីឡា ដែលនាំឲ្យការប្រកួតប្រព្រឹត្តទៅដោយរលូន ហើយកាត់បន្ថយបញ្ហានានា ។ នេះគឺជាសមិទ្ធផលថ្មីមួយទៀត ក្រោមការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំសហព័ន្ធ និងការគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា។

បែបនេះក្ដី លោកឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន បានផ្ដាំផ្ញើដល់បណ្ដាសមាគម/ក្លិបសមាជិកទាំងអស់ និងគ្រូៗ ត្រូវបន្ដពង្រឹងការហ្វឹកហាត់ឲ្យបានជាប់លាប់ដល់កីឡាករ-កីឡាការិនី ដើម្បីបង្កើនសមត្ថភាព និងបច្ចេកទេស ឈានទៅរកភាពរីកចម្រើនបន្ថែមទៀត ។ លោកសង្ឃឹមថា ឆ្នាំក្រោយៗ ពិសេសស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ កីឡាការ៉ាតេកម្ពុជា នឹងទទួលបានជោគជ័យកាន់តែប្រសើរ ឬដូចកាស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាដែរ ។ លោក វ៉ាត់ ចំរើន បន្ថែម។

សម្រាប់ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ គឺមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ១៩២នាក់ មកពី ២៥សមាគម/ក្លិបទូទាំងប្រទេស ។ ចំពោះលទ្ធផលបច្ចេកទេស គឺក្លិបក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ២៦គ្រឿង (មាស ១១ ប្រាក់ ១០ និងសំរឹទ្ធ ៥), ក្លិបក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈរលេខ២ ឈ្នះមេដាយសរុប ២១គ្រឿង (មាស ៧ ប្រាក់ ៤ និងសំរឹទ្ធ ១០) និងក្រសួងមហាផ្ទៃ ឈរលេខ៣ ឈ្នះមេដាយសរុប ១៣គ្រឿង (មាស ៧ ប្រាក់ ២ និងសំរឹទ្ធ ៤)៕