(ភ្នំពេញ)៖ ការប្រកួតបាល់ទាត់ដណ្ដើមពានរង្វាន់ «មិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន» លើកទី៩ បានបើកការប្រកួតជាផ្លូវការហើយ កាលពីល្ងាចថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ខណៈក្រុមការពារតំណែងជើងឯក គឺក្រុមក្រសួងសាធារណការ និងដឹកជញ្ជូន រកបាន ១ពិន្ទុប៉ុណ្ណោះ ក្រោយប្រកួតស្មើក្រុមក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយលទ្ធផល ២-២ ។

ពិធីបើកការប្រកួតនេះ បានធ្វើឡើងក្រោមវត្តមានលោកអភិសន្ដិបណ្ឌិត ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) តំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក សាយ សំអាល់ អនុប្រធាន ស.ស.យ.ក ព្រមទាំងវត្តមានថ្នាក់ដឹកនាំ ប្រតិភូ កីឡាករ-កីឡាការិនី និងអ្នកគាំទ្រយ៉ាងច្រើនកុះករ នៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ ។

ឆ្លៀតឱកាសនោះ លោកអភិសន្ដិបណ្ឌិត ស សុខា បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្ដៅ ចំពោះថ្នាក់ដឹកនាំ និងក្រុមបាល់ទាត់គ្រប់ក្រសួង-ស្ថាប័ន ក៏ដូចជាដៃគូសហការ ដែលបានចូលរួម ហើយបង្ហាញនូវការគាំទ្រ និងលើកទឹកចិត្តយ៉ាងសំខាន់ ស្របតាមគោលបំណងនៃកម្មវិធី ដែលផ្ដួចផ្ដើមគំនិតរៀបចំដោយថ្នាក់ដឹកនាំ ស.ស.យ.ក គឺដើម្បី «បង្កើនសាមគ្គីភាព មិត្តភាព ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងយុវជនតាមបណ្ដាក្រសួង-ស្ថាប័នរដ្ឋ និងស្មារតីស្រលាញ់ ចូលចិត្តលេងកីឡាដើម្បីសុខភាព» ។

ក្នុងនាមថ្នាក់ដឹកនាំ និងគ្រួសារ ស.ស.យ.ក លោកបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់ថ្នាក់ដឹកនាំ និងគ្រប់ភាគីពាក់ព័ន្ធ ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង តាំងពីរដូវកាលទី១ ឆ្នាំ២០១៣ ដែលមានត្រឹម ៩ក្រុមចូលរួម រហូតដល់លើកទី៩ ឆ្នាំ២០២៤ ដែលមានរហូតដល់ ៣៤ក្រុមចូលរួម ក្នុងនោះមានក្រុមថ្មីចំនួន ៣ គឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ។ នេះគឺជាការវិវឌ្ឍន៍ និងរីកចម្រើនថ្មីមួយទៀត នៃពានមិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន ។

ប្រធានកិត្តិយសគណៈកម្មាធិការរៀបចំការប្រកួតដដែលបន្ដថា «ការប្រកួតពានមិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន យើងនេះ ក៏ដើម្បីរួមចំណែកក្នុងការលើកស្ទួយ និងជំរុញវិស័យកីឡារីកចម្រើនឡើងថែមទៀត ស្របតាមគោលនយោបាយជាតិ ស្ដីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា សំដៅអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ ទាំងផ្នែកបញ្ញា ស្មារតី និងកាយសម្បទា ដែលនេះរួមចំណែកដល់ការលើកកម្ពស់ផលិតភាព កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ប្រកបដោយចីរភាព សមធម៌ និងបរិយាប័ន្ន»

លោក សុខ សប្បាយណា ប្រធានគណៈកម្មាធិការប្រកួត បានឲ្យដឹងថា ពានមិត្តភាពយុវជនអន្ដរក្រសួង-ស្ថាប័ន លើកទី៩ នេះ រៀបចំកាន់តែស្ដង់ដារជាងមុន ដោយការប្រកួតធ្វើឡើងនៅទីលានស្ដង់ដារ ១១នាក់ ទល់ ១១នាក់ ក្រោមកិច្ចសហការបច្ចេកទេសជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ។ សម្រាប់ក្រុមចូលរួមទាំង ៣៤ គឺបែងចែកជា ៨ពូល ដើម្បីធ្វើការប្រកួតជម្រុះរកក្រុមលេខ១ និងលេខ២ នៃពូលនីមួយៗឡើងវគ្គបន្ដបន្ទាប់ រហូតរកឃើញក្រុមជើងឯក ។ ចំពោះការប្រកួតគ្រោងនឹងបញ្ចប់ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ ។

គួរដឹងថា ព្រឹត្តិការណ៍នេះដែរ សម្រាប់វគ្គជម្រុះតាមពូល ត្រូវធ្វើការប្រកួតរៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃព្រហស្បតិ៍ នៅទីលានវិទ្យាល័យបឹងត្របែក ហើយបន្ទាប់ពីរកឃើញបេក្ខភាពឡើងវគ្គ ១៦ក្រុមចុងក្រោយ ទើបប្ដូរទៅលេងនៅកីឡដ្ឋានកងយោធពលខេមរភូមិន្ទ រហូតរកឃើញក្រុមជើងឯកតែម្ដង ៕