(បរទេស)៖ ដើម្បីជួយពន្លឿនការដេញថ្លៃ និងបង្កើននូវទីតាំងសាកថ្មរថយន្តអគ្គិសនី (EV) រដ្ឋាភិបាលអាមេរិក បានប្រកាសផ្ដល់មូលនិធិចំនួន ៥៨១លានអឺរ៉ូ ក្នុងការពង្រីកទីតាំងសាកថ្មរថយន្ត EV ចំនួន ៧៥០០កន្លែងបន្ថែមទៀតនៅទូទាំង ២២រដ្ឋ ដែលនេះជាផ្នែកមួយក្នុងការជំរុញឱ្យការប្រើប្រាស់រថយន្ត EV កាន់តែទូលំទូលាយ។

យោងតាមការប្រកាសបានឱ្យដឹងថា ទឹកប្រាក់នេះនឹងត្រូវចែកចាយតាមរយៈកម្មវិធីមួយដែលមានឈ្មោះថា «ជំនួយឥតសំណងសម្រាប់ការគិតថ្លៃ និងហេដ្ឋារចនាសម្ព័ន្ធប្រេងឥន្ធនៈ (CFI)»។ តាមរយៈកម្មវិធីនេះនឹងយកនាំថវិកាប្រមាណ ២.៣៣លានអឺរ៉ូទៅឱ្យរដ្ឋបាលសហព័ន្ធផ្លូវហាយវេអាមេរិក ធ្វើការពង្រីកកន្លែងសាកថ្មរបស់រថយន្ត EV នៅតាមសហគមន៍មូលដ្ឋាន និងតាមបណ្ដោយផ្លូវហាយវេ។

រដ្ឋមន្ត្រីដឹកជញ្ជូនអាមេរិក Pete Buttigieg បាននិយាយថា «មូលនិធិនេះនឹងជួយធានាថា ឆ្នាំងសាក EV អាចចូលប្រើបាន អាចទុកចិត្តបាន និងងាយស្រួលសម្រាប់អ្នកបើកបរជនជាតិអាមេរិក ហើយវាក៏បានបង្កើតឱកាសការងារនៅក្នុងការផលិតឆ្នាំងសាក ការតំឡើង និងថែទាំសម្រាប់កម្មករអាមេរិក»

លោកប្រធានាធិបតី Biden បានប្ដេជ្ញាក្នុងការកាត់បន្ថយការពឹងផ្អែកលើយានជំនិះប្រើប្រាស់ប្រេងឥន្ធនៈ និងការផ្លាស់ប្តូរឆ្ពោះទៅរករថយន្តអគ្គិសនី ដែលវាជាអាទិភាពសំខាន់បំផុតរបស់លោក ក្នុងនោះលោកក៏បានដាក់ចេញគោលការណ៍ ដើម្បីសម្រេចឱ្យបានការលក់រថយន្តអគ្គិសនីចំនួន ៥០ភាគរយត្រឹមឆ្នាំ ២០៣០ ដូច្នេះភាពចាំបាច់បំផុតដើម្បីឈានដល់គោលដៅនេះ គឺត្រូវរៀបចំហេដ្ឋារចនាសម្ព័ន្ធសាកថ្ម។

គួរបញ្ជាក់ផងដែរថា រដ្ឋាភិបាលអាមេរិក បានអនុម័តកញ្ចប់ថវិកាប្រមាណជិត ៧ពាន់លានដុល្លារអាមេរិក ដើម្បីពង្រីកទៅលើហេដ្ឋារចនាសម្ព័ន្ធសាកថ្មសម្រាប់រថយន្តអគ្គិសនី ដោយកញ្ចប់ថវិកានោះនឹងត្រូវទម្លាក់ទៅកម្មវិធីដេញថ្លៃនានា៕