(ភ្នំពេញ)៖ ពន្ធ គឺជាប្រាក់ចំណូលរបស់ជាតិ ដែលជាផ្នែកមួយក្នុងការអភិវឌ្ឍន៍ប្រទេស ហើយពន្ធបានដើរតួនាទីយ៉ាងសំខាន់ដល់ការធានាតុល្យភាពនៃចំណូលជាតិ។ ក្នុងនោះផងដែរ ពន្ធកាត់ទុក ជាប្រភេទពន្ធ មួយប្រភេទក្នុងចំណោមពន្ធផ្សេងៗ និង ជាប្រភេទពន្ធផ្ទាល់ដែលរដ្ឋតម្រូវឱ្យបង់ជាប្រចាំខែ ពីអ្នកផ្គត់ផ្គង់និវាសនជន និង អនិវាសនជន តាមរយៈអ្នកជាប់ពន្ធនិវាសនជនទៅលើការផ្គត់ផ្គង់មួយចំនួន។ រាល់ប្រតិបត្តិការទាំងឡាយ ណាមុននឹងធ្វើការទូទាត់ឱ្យទៅបុគ្គលនិវាសនជនជាសាច់ប្រាក់ ឬ ទូទាត់ជាវត្ថុ ត្រូវកាត់ទុកជាមុននូវប្រាក់ពន្ធ មិនថាប្រតិបត្តិការទូទាត់ចំណាយក្នុងស្រុក ឬ ក្រៅស្រុកនោះទេ ត្រូវធ្វើការកាត់ទុក និងត្រូវបង់ពន្ធតាមអត្រាដែលរដ្ឋបានកំណត់ ។

ទន្ទឹមនឹងនេះ អ្វីដែលអ្នកជាប់ពន្ធត្រូវស្វែងយល់ឱ្យច្បាស់នោះគឺ ថាតើអាជីវកម្មប្រភេទណាខ្លះដែលត្រូវបង់ពន្ធកាត់ទុក? តើត្រូវបង់ពន្ធនៅពេលណា? ហើយប្រាក់ពន្ធដែលត្រូវបង់នោះនឹងត្រូវគណនាយ៉ាងដូចម្ដេច? តើការខកខានបង់ពន្ធនឹងមានការពិន័យបែបណាខ្លះ?

ហេតុដូច្នេះ ដើម្បីស្រាយនូវចម្ងល់ខាងលើជូនបងប្អូនប្រជាពលរដ្ឋ និង សិស្សនិសិ្សតទាំងអស់ កម្មវិធីយល់ដឹងផ្នែកច្បាប់របស់អង្គភាពសារព័ត៌មាន Fresh News សសហការជាមួយ ក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ សម្រាប់សប្តាហ៍នេះ សូមលើកយកប្រធានបទស្តីពី ពន្ធកាត់ទុក មកធ្វើការចែករំលែកដូចតទៅ។

ប៉ុន្តែមុននឹងឈានទៅដល់ការបកស្រាយអំពីប្រធានបទខាងលើ យើងខ្ញុំសូមធ្វើការបង្ហាញនូវពាក្យគន្លឹះមួយចំនួនជាមុនសិន៖

ពាក្យថា អ្នកជាប់ពន្ធនិវាសនជន គឺមានន័យថា៖ (១) បុគ្គលដែលមានលំនៅដ្ឋានដើមនៅក្នុងប្រទេសកម្ពុជា ឬ បុគ្គលដែលបានស្នាក់នៅប្រទេសកម្ពុជាលើសពី ១៨២ ថ្ងៃ (២) នីតិបុគ្គល ឬ ក្រុមហ៊ុនសហកម្មសិទ្ធិ ដែលត្រូវបានបង្កើតឡើង ឬ ត្រូវបានគ្រប់គ្រងនៅក្នុងប្រទេសកម្ពុជា ឬ ដែលមានកន្លែងប្រកបអាជីវកម្មជាគោលដើមនៅក្នុងប្រទេសកម្ពុជា ។

ពាក្យថា អ្នកជាប់ពន្ធអនិវាសនជន មានន័យថា៖ សំដៅដល់បុគ្គលដែលមិនមែនជាអ្នកជាប់ពន្ធនិវាសនជន ដូចបញ្ជាក់នៅក្នុងចំណុចទី(១) និងទី(២)ខាងលើ និង ទទួលបានប្រាក់ចំណូលប្រភពពីកម្ពុជា (យោងមាត្រា៣៣ថ្មី នៃច្បាប់ស្ដីពីសារពើពន្ធ និងប្រការ៧ នៃប្រកាសស្ដីពីពន្ធលើប្រាក់ចំណូល) ។

ពាក្យថា កាត់ទុក ជាកម្មវត្ថុនៃការអនុវត្តពន្ធនេះ គឺសំដៅដល់ ការដកប្រាក់ពន្ធទុក ដោយអ្នកជាប់ពន្ធនិវាសនជន ឬភ្នាក់ងារកាត់ទុកពីនិវាសនជន ឬ អនិវាសនជន ។

ពន្ធកាត់ទុក គឺជាពន្ធប្រចាំខែដែលកាត់ទុក ដោយអ្នកជាប់ពន្ធនិវាសនជន ដែលប្រកបអាជីវកម្ម និង បានធ្វើការទូទាត់ទៅលើប្រតិបត្តិការមួយចំនួនដែលធ្វើឡើងជាសាច់ប្រាក់ ឬ ជាវត្ថុឱ្យទៅអ្នកជាប់ពន្ធនិវាសនជន និង អ្នកជាប់ពន្ធអនិវាសនជន ។

ពន្ធប្រភេទនេះ ត្រូវកាត់ទុកដោយភ្នាក់ងារកាត់ទុក ដែលជាបុគ្គលដែលបទបញ្ញត្តិស្តីពីពន្ធដារតម្រូវឱ្យធ្វើការកាត់ទុក និង បង់ប្រាក់ពន្ធចូលថវិការរបស់រដ្ឋក្នុងនាមអ្នកទទួល ហើយខាងក្រោមនេះជាប្រភេទសេវាកម្មមួយចំនួនដែលតម្រូវឱ្យមានការបង់ពន្ធកាត់ទុក ក្នុងនោះរួមមាន៖

១. ការចំណាយលើការជួលអចលនទ្រព្យ(ដី ផ្ទះ...) ឬចលនទ្រព្យ(ឡាន ម៉ូតូ...) ។

២. ការចំណាយលើថ្លៃឈ្នួល និង ចំណូលផ្សេងៗដែលទាក់ទិនទៅនឹងការប្រើប្រាស់ទ្រព្យសម្បត្តិសួយសារ ។

៣. ការចំណាយលើការកើនឡើងលើមូលធនរបស់ម្ចាស់ភាគហ៊ុន។

៤. ការចំណាយលើរូបវន្តបុគ្គលបានទទួលពី ៖ សេវាគ្រប់គ្រង សេវាពិគ្រោះយោបល់ សេវាបច្ចេកទេសនានា និង ចំណូលពីការប្រាក់សួយសារ ។ ល ។

៥. សួយសារបានមកពីភាគកម្មក្នុងធនធានរ៉ែ ៖ សម្រាប់គោលដៅពន្ធកាត់ទុក រាល់ អត្ថប្រយោជន៍ជាប្រាក់សួយសារបានមកពីភាគកម្មក្នុងធនធានរ៉ែសំដៅដល់ ឬ ជាវត្ថុដែលទទួលបានទាក់ទិននឹងភាគកម្មនេះ ក្រៅតែពីប្រាក់ចំណេញបានមកពីអាជីវកម្មលើធនធាននេះ និង ភាគលាភដែលត្រូវជាប់ពន្ធតាមបទប្បញ្ញត្តិដោយឡែក ។

៦ . ចំណូលពីការប្រាក់ (ស្ថាប័នមិនមែនធនាគារ ឬស្ថាប័នសញ្ជ័យធន)៖ ការប្រាក់ដែលអ្នកជាប់ពន្ធនិវាសនជនមិនមែនជាធនាគារ ឬ ស្ថាប័នសញ្ជ័យធនក្នុងស្រុកបង់ទៅឱ្យរូបវន្តបុគ្គល ឬ សហគ្រាស ។

៧. ចំណូលពីការប្រាក់ (ប្រាក់បញ្ញើមានកាលកំណត់)៖ ការប្រាក់ដែល ធនាគារ ឬ ស្ថាប័នសញ្ជ័យធនក្នុងស្រុកបង់ទៅឱ្យអ្នកជាប់ពន្ធនិវាសនជន (រូបវន្តបុគ្គល និងនីតិបុគ្គល) ដែលមានគណនីបញ្ញើមានកាលកំណត់ ។

៨. ចំណូលពីការប្រាក់ (បញ្ញើសន្សំគ្មានកាលកំណត់)៖ ការប្រាក់ដែល ធនាគារ ឬ ស្ថាប័នសញ្ជ័យធនក្នុងស្រុកបង់ទៅឱ្យរូបវន្តបុគ្គលនិវាសនជន ដែលមានប្រាក់បញ្ញើនៅក្នុងគណនីសន្សំគ្មានកាលកំណត់ ។

ជាទូទៅអ្នកជាប់ពន្ធ ឬ ភ្នាក់ងារកាត់ទុក មានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធ និងបង់ប្រាក់ពន្ធ យ៉ាងយឺតបំផុតត្រឹមថ្ងៃទី២០ នៃខែបន្ទាប់ពីខែដែលបានធ្វើការកាត់ទុក។

ចំពោះមូលដ្ឋាននៃការគិតប្រាក់ពន្ធកាត់ទុក ត្រូវធ្វើឡើងដោយយកប្រាក់មូលដ្ឋានគិតពន្ធគុណជាមួយ នឹង អត្រាពន្ធនីមួយៗដែលមានអត្រាខុសគ្នាទៅតាមប្រភេទសេវាកម្មនីមួយៗ ។

ដូចនេះ ប្រាក់ពន្ធត្រូវគណនាតាមរូបមន្ដដូចខាងក្រោម៖
• មូលដ្ឋានគិតពន្ធ = (ចំនួនប្រាក់ជាប់ពន្ធ X អត្រាពន្ធ)

ឧទាហរណ៍ ក្នុងករណីដែលភាគីបានជជែកគ្នាអំពីការកាត់ទុកប្រាក់ពន្ធជាមុន ៖ ក្រុមហ៊ុន A មានទីស្នាក់ការក្នុងរាជធានីភ្នំពេញ ដោយជួលការិយាល័យរបស់ក្រុមហ៊ុន B ធ្វើជាការិយាល័យរបស់ខ្លួនក្នុងតម្លៃជួល ២,០០០$ ក្នុងមួយខែ ដោយក្នុងនោះ ភាគីម្ចាស់អគារជាអ្នករ៉ាប់រងលើការបង់ពន្ធកាត់ទុកលើការជួលដោយយោងតាមអត្រាពន្ធ ចំនួន ១០% ដោយកាត់ចេញពីទឹកប្រាក់ជួលសរុបដែលត្រូវបង់ ។

គណនាប្រាក់ពន្ធ ពន្ធកាត់ទុក = ២,០០០ x ១០% = ២០០ ដូច្នេះប្រាក់ពន្ធកាត់ទុកដែលត្រូវបានកាត់ចេញគឺ២០០ $ ហើយទឹកប្រាក់ដែលម្ចាស់អគារទទួលបានគឺ ១,៨០០$ ។

មួយវិញទៀតការខកខានមិនបានបំពេញកាតព្វកិច្ចកាត់ទុក ឬ មិនបានបង់ពន្ធកាត់ទុកឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាទេនោះ អ្នកជាប់ពន្ធ ឬ ភ្នាក់ងារកាត់ទុកនឹងត្រូវទទួលខុសត្រូវចំពោះប្រាក់ដែលមិនបានកាត់ទុកនោះ ព្រមទាំងត្រូវទទួលទោសទណ្ឌផ្សេងៗ ដូចមានបញ្ញត្តិក្នុងច្បាប់ស្ដីពីសារពើពន្ធផងដែរ ។

សរុបមក ពន្ធកាត់ទុក ជាប្រភេទពន្ធផ្ទាល់ ដែលរដ្ឋតម្រូវឱ្យបុគ្គលដែលជាប់ពន្ធត្រូវបង់ជាប្រចាំខែ ចំពោះការគិតពន្ធនេះត្រូវគណនាដោយផ្អែកទៅតាមប្រាក់ជាប់ពន្ធជាក់ស្តែង និង យោងទៅតាមអត្រាជាប់ពន្ធដែលមានកំណត់ជាក់ស្តែងនៅក្នុងច្បាប់ស្តីពីសារពើពន្ធ ហើយប្រាក់ដែលបានប្រមូលមក គឺរដ្ឋបានចាត់ចែងដូចជាបើកប្រាក់បៀវត្សជូនមន្រ្តីរាជការ សាងសង់សាលារៀន មន្ទីរពេទ្យ រួមទាំងផ្លូវថ្នល់ជាដើម ។

រៀបរៀងដោយ៖ លោកស្រីមេធាវី យ៉េ នីតា និងលោក ថន ផានិត ជាជំនួយការមេធាវី និងជាសមាជិកក្រុមការងាររៀបចំ និងផ្សព្វផ្សាយអត្ថ បទ ច្បាប់ នៃក្រុមហ៊ុនមេធាវីកម្ពុជាសហប្រតិបត្តិការអន្តរជាតិ មានអាសយដ្ឋាននៅអគារស៊ីអាយស៊ី (CIC) លេខ ១២៦៥  ផ្លូវលំ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ទូរស័ព្ទទំនាក់ទំនងលេខ ០២៣ ៩៨៦ ២៤៥/០៧៨ ២៧២ ៧៨៥ អ៊ីម៉ែល៖ [email protected] គេហទំព័រ៖ https://cicfirm.com (https://cicfirm.com/) ហ្វេសប៊ុកផេក៖ Cambodia International Cooperation Law Firm ៕