(បរទេស)៖ ទីបំផុតរោងចក្រផលិតស្ថានីយ៍សាកថ្មរថយន្តអគ្គសនីដំបូងបង្អស់របស់ក្រុមហ៊ុនកូរ៉េខាងត្បូង LG បានចាប់ផ្តើមបើកដំណើរការហើយ ដែលមានទីតាំងស្ថិតនៅទីក្រុង Forth Worth រដ្ឋតិចសាស់ សហរដ្ឋអាមេរិក។ រោងចក្រថ្មីនេះ ត្រូវបានគេរំពឹងថា នឹងមានសមត្ថភាពផលិតស្ថានីយ៍សាកថ្មបានរហូតដល់ទៅចំនួន ១២ពាន់គ្រឿងជារៀងរាល់ឆ្នាំឯណោះ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។

LG ដែលត្រូវបានគេស្គាល់ភាគច្រើនថា ជាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចដូចជា ទូរទស្សន៍ ទូរទឹកកក និងឧបករណ៍ប្រើប្រាស់នៅក្នុងផ្ទះជាច្រើនផ្សេងទៀត ប៉ុន្តែឥឡូវនេះ បានកំពុងតែបោះទុនកាន់តែខ្លាំងចូលទៅក្នុងវិស័យរថយន្តអគ្គិសនី។

ជាការពិតណាស់ តាមរយៈការបើកដំណើរការរោងចក្រថ្មីនេះ LG កំពុងតែបង្ហាញពីការប្រកួតប្រជែងកាន់តែលឿនជាងមុន ជាមួយនឹងក្រុមហ៊ុនគ្រប់គ្រងទីផ្សារសាកថ្មរថយន្តអគ្គិសនីដែលកាន់កាប់ច្រើនជាងគេនៅសហរដ្ឋអាមេរិកដូចជា ChargePoint Holdings និង Elon Musk-led-Tesla ជាដើម។

បើយោងតាមរបាយការណ៍ពីរដ្ឋាភិបាលអាមេរិកបានឱ្យដឹងថា រោងចក្រថ្មីរបស់ LG នឹងចាប់ផ្តើមផលិតឆ្នាំងសាករថយន្តអគ្គិសនី Level-2 ដំបូងគេដែលជាការចាប់ផ្តើម ហើយចាប់ពីឆ្នាំក្រោយទៅទើបផលិតឆ្នាំងសាក Level-3 ដែលជាប្រភេទ Toch Screen៕