(សៀមរាប)៖ ក្រុមហ៊ុនសាបារា បេសហ្វូដ ឯ.ក (គ្រឿងហ្លួងសាបារា) នាថ្ងៃទី១០ និងថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការអនុវត្តកសិកម្មល្អកម្ពុជា CamGAP ដល់ប្រជាកសិករចំនួន ១៦០នាក់ ក្នុងឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមអធិបតីភាពអ្នកស្រី សម្បត្តិ អមរៈ វិប្បស្សិនី អគ្គនាយិកាក្រុមហ៊ុនសាបារាបេសហ្វូដ ឯ.ក និងមានការចូលរួមជាអធិបតីភាពដោយ លោកមេឃុំ ឃុំលាងដៃ លោក កឿន កើប លោកបណ្ឌិត តាន់ ហ៊ុយលី លោកគ្រូ អ៊ុន សុភឿន លោកគ្រូ យិប ប្រង់ ជាសាស្ត្រាចារ្យបណ្តុះបណ្តាលទាំង៣រូប និងលោកស្រី ផេង ផារ៉ូហ្សីន តំណាងឱ្យគម្រោង Feed the Future Harvest III ។

វគ្គបណ្តុះបណ្តាលនេះធ្វើឡើងក្រោមជំនួយហិរញ្ញប្បទាន USAID (Feed the Future Harvest III) មានគោលបំណងពង្រឹងបច្ចេកទេសដាំដុះគ្រឿងទេសដល់ប្រជាពលរដ្ឋ នៅក្នុង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប លើវិធីសាស្ត្រដាំដំណាំទូទៅ និងផ្តោតសំខាន់ទៅលើវិធីសាស្ត្រដាំខ្ជាយ រំដេង ស្លឹកគ្រៃ និងក្រូចសើច។

វគ្គបណ្តុះបណ្តាលរយៈពេលពីរថ្ងៃនេះ បញ្ចប់ទៅដោយរលូន និងទទួលបានលទ្ធផលយ៉ាងគាប់ប្រសើរ ដោយប្រជាកសិករដែលបានចូលរួមទទួលបាននូវចំណេះដឹងថ្មីៗ អំពីវិធីសាស្ត្រដាំដុះ និងជាពិសេសការផ្តល់ឱកាសទីផ្សារបន្ថែម សម្រាប់ប្រជាកសិករដែលបានចូលរួម ដោយក្រុមហ៊ុនសាបារា បេសហ្វូដ ឯ.ក។ នេះជាជោគជ័យនិងការបើកទំព័រថ្មីដ៏មានអត្ថន័យសំរាប់ក្រុមហ៊ុនសាបារា បេសហ្វូដ ដែលតែងតែប្រើប្រាស់កសិផលខ្មែរស្រស់ៗ១០០% សំរាប់កែច្នៃ និងផលិតសម្រាប់បំរើទីផ្សារទាំងក្នុងស្រុក និងក្រៅស្រុក ដោយនៅពេលនេះ ក្រុមហ៊ុនបានបោះជំហានថ្មីមួយទៀត ជាមួយការផ្តល់វគ្គបណ្តុះបណ្តាលដោយផ្ទាល់ដោយប្រជាកសិករដែលផ្គត់ផ្គង់វត្ថុធាតុដេីមកសិផលស្រស់ៗដល់ក្រុមហ៊ុន។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនសាបារា បេសហ្វូដ ឯ.ក ផលិតក្រោមស្លាកសញ្ញា គ្រឿងហ្លួងសាបារា ដែលសព្វថ្ងៃផលិតផល៨មុខ រួមមាន គ្រឿងការីក្រហម គ្រឿងអាម៉ុក គ្រឿងម្ជូរគ្រឿង គ្រឿងកកូរ គ្រឿងខគោ គ្រឿងប្រលាក់ទឹកឃ្មុំ គ្រឿងប្រលាក់សាំបាល និងគ្រឿងឆាបាយពិសេស។ ផលិតផលទាំងនេះកំពុងត្រូវបានចែកចាយនៅផ្សារទំនេីបធំតូច និងផ្សាររដ្ឋទូទាំងប្រទេសកម្ពុជា ក៏ដូចជានាំចេញទៅប្រទេសអាមេរិក ប្រទេសជប៉ុន និងប្រទេសផ្សេងៗទៀតផងដែរ៕

http://image.freshnewsasia.com/2021//fn-2024-01-13-12-25-09-0.JPG http://image.freshnewsasia.com/2021//fn-2024-01-13-12-25-09-1.JPG http://image.freshnewsasia.com/2021//fn-2024-01-13-12-25-09-2.JPG http://image.freshnewsasia.com/2021//fn-2024-01-13-12-25-09-3.JPG http://image.freshnewsasia.com/2021//fn-2024-01-13-12-25-09-4.JPG http://image.freshnewsasia.com/2021//fn-2024-01-13-12-25-09-5.JPG