(ភ្នំពេញ)៖ លោកបណ្ឌិត តាំង ងួនលី នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» បានឱ្យដឹងថា ការដាក់ឲ្យដំណើរការមុខងារថ្មី ប្រព័ន្ធគ្រប់គ្រងគណនេយ្យ LocalizeBook របស់ក្រុមហ៊ុន LOCALIZE TECH SOLUTION ជាមួយនឹង ABA Bank ជាការរួមចំណែកជួយសម្រួលឲ្យអ្នកប្រើប្រាស់ ធ្វើការចេញវិក្កយបត្រ និងធ្វើការទូទាត់ប្រាក់ បានកាន់តែមានភាពងាយស្រួលជាងមុន។

លោកបណ្ឌិត តាំង ងួនលី បានលើកឡើងយ៉ាងដូចនេះ នារសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ នាឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យដំណើរការមុខងារថ្មី ប្រព័ន្ធគ្រប់គ្រងគណនេយ្យ LocalizeBook របស់ក្រុមហ៊ុន LOCALIZE TECH SOLUTION CO.,LTD ជាមួយនឹង ABA Bank លើមុខងារថ្មីមួយគឺ វិក្កយបត្រឌីជីថលជាមួយនឹង ABA Payway – Digitalize Invoicing with ABA Payway ដែលប្រព្រឹត្តិទៅនៅសាលប្រជុំធំនៃមជ្ឈមមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ»

ជាមួយគ្នានោះលោកបណ្ឌិត តាំង ងួនលី ក៏បានថ្លែងអបអរសាទរចំពោះការដាក់ឱ្យដំណើរការប្រព័ន្ធវិក្កយបត្រឌីជីថលរវាង LOCALIZE និង ABA និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលក៏ធ្លាប់មានបំណងចង់បង្កើតនូវប្រព័ន្ធវិក្កយបត្រស្តង់ដារមួយ ដើម្បីជួយសម្រួលលើការកាត់បន្ថយការកេងបន្លំវិក្កយបត្រ ដើម្បីឱ្យមានភាពងាយស្រួលក្នុងការបង់ពន្ធ និងជួយគាំទ្រដល់ការធ្វើលទ្ធកម្មដ៏ទៃទៀតឱ្យកាន់តែមានតម្លាភាពជាដើម។

លោកបណ្ឌិត តាំង ងួនលី បានបន្ថែមថា កន្លងមកក៏មានក្រុមហ៊ុនមួយចំនួនបានដំណើរការលើប្រពន្ធមុខងារវិក្កយបត្រនេះ និងបានដាក់ដំណើការរួចមកហើយ និងទាមទារឱ្យមានការគាំទ្រពីស្ថានិក និងម្ចាស់សហគ្រាស និងក្រុមហ៊ុន ដែលមានបំណងចង់រកស៊ីស្របច្បាប់តែងតែចង់ប្រើប្រាស់វិក្កយបត្រមួយដែលត្រឹមត្រូវ ព្រោះមានភាពងាយស្រួលប្រតិបត្តិការ និងងាយស្រួលក្នុងការបង់ពន្ធផងដែរ។

លោកបណ្ឌិត តាំង ងួនលី បានបន្ថែមថា ការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងគណនេយ្យអនឡាន របស់ក្រុមហ៊ុន Localize និង ABA Bank នេះគឺជាការបង្ហាញឱ្យឃើញថា ក្រុមហ៊ុន Localize បានបង្ហាញពីនវានុវត្តដែលបម្រើលើទិសដៅរួមគ្នា ក្នុងការកសាងប្រព័ន្ធទូទាត់លើបច្ចេកវិទ្យាហិរញ្ញវត្ថុ និងប្រព័ន្ធបញ្ជីគណនេយ្យឱ្យបានកាន់តែល្អប្រសើរឡើង។

បើតាមលោក ទុយ ហុង អគ្គនាយកក្រុមហ៊ុន LOCALIZE TECH SOLUTION CO.,LTD បានឱ្យដឹងដែរថា Localize គឺជាធុរកិច្ចថ្មីផ្នែកឌីជីថលក្នុងស្រុក ដែលផ្គត់ផ្គង់ប្រព័ន្ធគ្រប់គ្រងគណនេយ្យអនឡាន សម្រាប់សហគ្រាសធនតូច និងមធ្យមឈ្មោះ (LocalizeBook)។ បេសកម្មរបស់យើងគឺ ប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ជួយឲ្យសហគ្រាសធនតូច និងមធ្យម មានការគ្រប់គ្រងគណនេយ្យឲ្យបានត្រឹមត្រូវ និងមានរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់។

មុខងារថ្មីនេះកើតចេញពីកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន Localize និងធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ (ABA Bank)។ ដោយ Localize នឹងធ្វើការភ្ជាប់ (API Integration)ជាមួយសេវាទូទាត់ប្រាក់តាមអនឡាញរបស់ធនាគារ ABA (ABA Payway) ទៅក្នុងមុខងារទូទាត់វិក្កយត្របច្ចុប្បន្នដែលមានស្រាប់។ ដូច្នេះបន្ទាប់ពីមុខងារថ្មីនេះដាក់ឲ្យដំណើរអ្នកប្រើប្រាស់របស់ប្រព័ន្ធ LocalizeBook ទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ថ្មីមួយទៀត គឺអាចចេញវិក្កយបត្រដោយភ្ជាប់ KHQR Code របស់ធនាគា ABA ដោយស្រ័យប្រវត្តិតាមរយៈប្រព័ន្ធ Localize តែម្តង។

លោក ទុយ ហុង បានប​ន្ថែមថា ប្រព័ន្ធគ្រប់គ្រងគណនេយ្យនេះ នៅពេលដែលអតិថិជនធ្វើការទូទាត់ប្រាក់តាមរយៈ KHQR ខាងលើប្រព័ន្ធ LocalizeBook នឹងជូនដំណឹងទៅអ្នកប្រើប្រាស់វិញ រួចធ្វើការទូទាត់ក្នុងប្រព័ន្ធ និងចេញបង្កាន់ដៃទទួលប្រាក់ជូនអតិថិជនវិញដោយស្វ័យប្រវត្តិ។ ជារួមមុខងារថ្មីនេះនឹងជួយសម្រួលឲ្យអ្នកប្រើប្រាស់ធ្វើការចេញវិក្កយបត្រ និងធ្វើការទូទាត់ ដោយគ្រាន់តែចុចមួយប៊ូតុងប៉ុណ្ណោះ៕