(ប៊ែរឡាំង)៖ ក្លិប Borussia Dortmund បានយល់ព្រមលើកិច្ចព្រមព្រៀង ក្នុងការនាំយកខ្សែការពារ Ian Maatsen ក្នុងលក្ខខណ្ឌខ្ចីជើង មកពីក្លិប Chelsea រហូតដល់ចប់រដូវកាលនេះ, នេះបើតាមក្លិបលេងនៅលីគ Bundesliga បានប្រកាស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤។

បើតាមនាយកផ្នែកកីឡាក្លិប Dortmund លោក Sebastian Kehl បានលើកឡើងថា «ដោយសារតែស្ថានភាពក្រុម នាពេលបច្ចុប្បន្ន យើងបានសម្រេចចាត់វិធានការ លើតួនាទីខ្សែការពារឆ្វេង ក្នុងរដូវរងានេះ»

កីឡាករយុវជនអន្តរជាតិ មានវ័យ ២១ឆ្នាំ សញ្ជាតិហូឡង់ Ian Maatsen បានបង្ហាញខ្លួនជាលើកដំបូង ក្នុងលីគ Premier League កាលពីខែសីហា ឆ្នាំមុន និងបានបង្ហាញខ្លួន ១២លើក ក្នុងលីគនារដូវកាលនេះជាមួយក្លិប Chelsea។

ក្លិបជើងឯករងលីគ Bundesliga កាលពីរដូវកាលមុននេះ Dortmund បានមានការលំបាកក្នុងការតស៊ូ ក្នុងលីគ ហើយបច្ចុប្បន្ននេះកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៥ ក្នុងតារាងពិន្ទុរកបាន ២៧ពិន្ទុ ដោយមាន ១៥ពិន្ទុ តាមពីក្រោយក្លិបនាំមុខ Bayer Leverkusen។

សូមជម្រាបថា លីគកំពូលអាល្លឺម៉ង់ Bundesliga បានបន្តចាប់ផ្តើមឡើងវិញ បន្ទាប់ពីការឈប់សម្រាកក្នុងរដូវរងាចំនួន ៣សប្តាហ៍ ខណៈក្រុម Bayer Leverkusen កំពុងនាំមុខរកបាន ៤២ពិន្ទុមិនទាន់ស្គាល់ការចាញ់នោះទេ ក្រោយឆ្លងកាត់ ១៦ប្រកួតមកនេះ ខណៈដែល Ian Maatsen ជាកីឡាករម្នាក់អាចលេងបានទម្រង់ខ្សែការពារស្លាបឆ្វេង បម្រើប្រយុទ្ធបានផងដែរ៕