(បរទេស)៖ កាលពីពេលថ្មីៗនេះ មន្ត្រីរដ្ឋាភិបាលឥណ្ឌាពីររូបបាននិយាយថា ប្រទេសឥណ្ឌាកំពុងពិចារណាកាត់បន្ថយពន្ធនាំចូលលើសមាសធាតុផលិតស្មាតហ្វូនស៊េរីទំនើប។ ខណៈការលើកឡើងនេះ ត្រូវបានគេរំពឹងថា ក្រុមហ៊ុនផលិត iPhone នឹងទទួលបានការបន្ថូរបន្ថយពន្ធច្រើនជាងគេ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

យោងតាមរបាយការណ៍ពីឧស្សាហកម្ម India Cellular and Electronics Association (ICEA) បានឱ្យដឹងថា ចំណាត់ការបន្ថូរបន្ថយពន្ធនាំចូលថ្មីពីរដ្ឋាភិបាលឥណ្ឌានឹងមានចន្លោះពី ២.៥ភាគរយ រហូតដល់ ២០ភាគរយឯណោះ។ ខណៈវានឹងត្រូវបានកាត់បន្ថយទៅលើការនាំចូលសមាសធាតុ កាមេរ៉ា និងឆ្នាំងសាកដែលសុទ្ធសឹងតែជាសមាធាតុដែលមានតម្លៃថ្លៃនៅក្នុងប្រទេសឥណ្ឌា។

គួរជម្រាបដែរថា ការយកពន្ធនៅក្នុងប្រទេសឥណ្ឌាបច្ចុប្បន្ននេះ គឺមានតម្លៃខ្ពស់ជាងគេបើធៀបទៅនឹងប្រទេសផ្សេងដូចជា ប្រទេសចិន វៀតណាម ម៉ិកស៊ិក និងថៃជាដើម។ ដោយឡែកចំពោះការកាត់បន្ថយពន្ធនាំចូលនេះ ក្រៅពីក្រុមហ៊ុន Apple នៅមានក្រុមហ៊ុនផ្សេងទៀតដូចជា Samsung និង Xiaomi ក៏សុទ្ធតែទទួលបានផងដែរ ប៉ុន្តែអាស្រ័យទៅលើការពិចារណារបស់រដ្ឋាភិបាលប៉ុណ្ណោះ៕