(សៀមរាប)៖ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរគ្រោងតាំងពិព័រណ៍វត្ថុសិល្បៈក្វាតចំនួន៦,៩៥៦គ្រាប់ ដែលបានពីកំណាយស្រាវជ្រាវនៅប្រាសាទកណ្តាលស្រះស្រង់ កាលពីឆ្នាំ២០២០កន្លងទៅ ដើម្បីឱ្យសាធារណជនទស្សនាចាប់ពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៤តទៅ។

មគ្គទេសក៍សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរ លោក គុន ផល្លី បានឱ្យដឹងថា វត្ថុសិល្បៈបុរាណក្វាតទាំង៦៩៥៦គ្រាប់នេះ នឹងដាក់តាំងពិពរណ៍ជាអចិន្ត្រៃយ៍ក្នុងសាលពិព័រណ៍សារមន្ទីរ។ វត្ថុសិល្បៈនេះមាន៣ប្រភេទ គឺពណ៌ស្វាយ (កែវណាំហ្វាន ឬ Amethyst) ពណ៌លឿង (Citine) និងពណ៌សថ្លា (Crystal)។ ក្រៅពីការដាក់តាំងក្វាតនេះ ក៏មានការដាក់តាំងបង្ហាញនូវវត្ថុមួយចំនួនទៀត ដែលបានមកពីកន្លែងតែមួយនៅប្រាសាទកណ្ដាលស្រះស្រង់ដែរ ដូចជា រូបអណ្ដើកថ្ម អាវុធត្រីសូល៍ អាវុធបញ្ចសូល៍ និងចតុសូល៍ជាដើម។

លោក គុន ផល្លី បានឱ្យដឹងទៀតថា ការតាំងបង្ហាញពិព័រណ៍ជាអចិន្ត្រៃយ៍នេះ ក្នុងគោលបំណងបង្ហាញជូនសាធារណជនជាតិ អន្តរជាតិ អ្នកស្រាវជ្រាវ និងសិស្សានុសិស្សឱ្យមកទស្សនាសិក្សាស្វែងយល់អំពីវត្ថុសិល្បៈ វត្ថុសក្ការៈសម្រាប់បញ្ចុះនៅគ្រឹះប្រាសាទកាលពីសម័យបុរាណ ព្រមទាំងដឹងពីប្រវត្តិសាស្ត្រ វប្បធម៌ សាសនា និងទំនៀមទម្លាប់របស់ជាតិខ្មែរផង។

ជារៀងរាល់ថ្ងៃសៅរ៍ដើមខែនីមួយៗ សារមន្ទីរព្រះនរោត្តមសីហនុ-អង្គរតែងតែបើកឱ្យភ្ញៀវជាតិចូលទស្សនាដោយមិនគិតថ្លៃ ដែលនេះគឺជាចំណុចមួយដ៏ពិសេសសម្រាប់លើកទឹកចិត្តដល់ភ្ញៀវជាតិ អន្តរជាតិ សាធារណជន អ្នកស្រាវជ្រាវ និងសិស្សានុសិស្ស ចូលទស្សនាសារមន្ទីរឱ្យបានកាន់តែច្រើន៕