(កូរ៉េ)៖ ផលិតករភាពយន្ត «Parasite» ដែលឈ្នះពានរង្វាន់អូស្ការ លោក Bong Joon-ho និងតារាកូរ៉េខាងត្បូងផ្សេងទៀត បានអំពាវនាវឲ្យមានការស៊ើបអង្កេតជាថ្មី ក្រោយមិនពេញចិត្តនឹងសេចក្តីសម្រេចរបស់ប៉ូលីស ជុំវិញការស្លាប់របស់តារាសម្តែង Lee Sun-kyun។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Straitstimes នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

តារាប្រុស Lee Sun-kyun ដែលត្រូវបានគេស្គាល់ទូទាំងពិភពលោក សម្រាប់ការសម្ដែងជាតួឯកក្នុងរឿង «Parasite» ឆ្នាំ២០១៩ ត្រូវបានគេប្រទះឃើញស្លាប់នៅក្នុងរថយន្ត ក្នុងទីក្រុងសេអ៊ូលកាលពីខែមុន បន្ទាប់ពីការស៊ើបអង្កេតរបស់ប៉ូលីសរយៈពេល២ខែ ជុំវិញការសង្ស័យការប្រើប្រាស់គ្រឿងញៀន។ តែយ៉ាងណា ការស៊ើបអង្កេតនៃករណីស្លាប់របស់តារារូបនេះ ហាក់ធ្វើឲ្យមហាជន និងអ្នកសិល្បៈជាច្រើនមិនពេញចិត្តឡើយ ខណៈផលិតកររឿង «Parasite» និងតារាប្រមាណ៣០នាក់ផ្សេងទៀត កំពុងតែទាមទារឲ្យមានការស៊ើបអង្កេតជាថ្មីបន្ថែមទៀត។

ផលិតករ Bong Joon-ho និងតារាដទៃទៀត ក៏បានសង្កត់ធ្ងន់ឲ្យមានការពង្រឹងច្បាប់ ដើម្បីការពារសិល្បករ និងអ្នកក្នុងវិស័យកម្សាន្តឲ្យបានល្អប្រសើរ ហើយជំរុញឲ្យប្រព័ន្ធផ្សព្វផ្សាយ ធ្វើឲ្យបានល្អទៅថ្ងៃអនាគត ចំពោះការចេញផ្សាយរបស់ខ្លួន ដើម្បីជៀសវៀងការដាក់គំនាបផ្លូវអារម្មណ៍លើអ្នកសិល្បៈ តាមការផ្សព្វផ្សាយព័ត៌មានមិនពិត។

គួរជម្រាបថា ប្រទេសកូរ៉េខាងត្បូងត្រូវបានគេដឹងថា មានច្បាប់គ្រឿងញៀនដ៏តឹងរ៉ឹងបំផុត ហើយជាទូទៅមតិសាធារណៈ គឺគាំទ្រការស៊ើបអង្កេតរបស់ប៉ូលីស ចំពោះសកម្មភាពខុសច្បាប់ និងការរិះគន់ចំពោះមនុស្សដែលត្រូវបានគេរកឃើញថា កំពុងបំពានច្បាប់។ ប៉ុន្តែចាប់តាំងពីការស្លាប់របស់ Lee មក ការរិះគន់ពីសំណាក់សាធារណជនលើប៉ូលីស និងប្រព័ន្ធផ្សព្វផ្សាយនានា បានផ្ទុះឡើងនៅលើអ៉ីនធឺណិតជាបន្តបន្ទាប់៕