(ភ្នំពេញ)៖ លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាអគ្គលេខាធិការសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានគូសបញ្ជាក់ថា ការប្រកួតកីឡា តែងមានឈ្នះ-ចាញ់ ដែលបញ្ជាក់ពីលទ្ធផលនៃការហ្វឹកហាត់របស់ខ្លួន តែមិនមែនជាទីបញ្ចប់នៃអាជីពឡើយ ពោលគឺកីឡាករ-កីឡាការិនីគ្រប់រូប ត្រូវខំប្រឹងបន្ថែម ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាជាតិ ។

ថ្លែងក្នុងពិធីបើកការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ បានក្រើនរំឮកដល់កីឡាករ-កីឡាការិនីទាំងអស់ ត្រូវយកឱកាសនេះ ដើម្បីបង្ហាញសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ដែលខំប្រឹងហ្វឹកហាត់កន្លងមក ដោយគោរពតាមបទបញ្ជា និងក្រមសីលធម៌កីឡា ក៏ដូចជាដើម្បីទទួលបាននូវបទពិសោធន៍ថ្មីៗផងដែរ ។

អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា «សូមប្អូនៗក្មួយៗកីឡាករ-កីឡាការិនីទាំងអស់គ្នា មានការអត់ធ្មត់ ព្រោះការឈ្នះ-ចាញ់ គឺជាលទ្ធផល នៃការហ្វឹកហាត់របស់យើងទាំងអស់គ្នា ប៉ុន្ដែការឈ្នះ-ចាញ់ មិនមែនជាពេលវេលា ដែលត្រូវបញ្ចប់អាជីព នៃការហ្វឹកហាត់ការ៉ាតេទេ ។ អ៊ីចឹងអ្វីដែលសំខាន់ គឺសូមឲ្យយកចិត្តទុកដាក់ទៅលើការចូលរួមហ្វឹកហាត់ការ៉ាតេ ដើម្បីសុខភាព សាមគ្គីភាព និងដើម្បីចូលរួមចំណែកកសាងវិស័យកីឡាជាតិរបស់យើង»

«ដើម្បីឲ្យប្អូនៗក្មួយៗទាំងអស់ ឆ្ពោះទៅរកអនាគតដ៏រុងរឿង ឆ្ពោះទៅរកជយាលភីនៃការប្រកួតកីឡាការ៉ាតេលើឆាកអន្ដរជាតិ សូមប្អូនៗក្មួយៗខិតខំប្រឹងប្រែង និងបញ្ចេញឲ្យអស់ពីសមត្ថភាព ទាំងសមត្ថភាពផ្លូវកាយ ស្មារតី និងការអត់ធ្មត់របស់ប្អូនៗក្មួយៗ ហើយរាល់ពេលចូលរួមប្រកួត ធ្វើយ៉ាងណាឲ្យបច្ចេកទេសមានការកើនឡើង ធ្វើឲ្យស្មារតីរឹងមាំ និងបទពិសោធន៍នៃការចូលរួមកាន់មានលំនឹងល្អ ដើម្បីស្វែងរកនូវចំណេះជំនាញបន្ថែមទៀត» ។ លោក វ៉ាត់ ចំរើន បន្ថែម ។

សូមបញ្ជាក់ថា ការប្រកួតកីឡាការ៉ាតេជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ គឺមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ១៩២នាក់ មកពី ២៦សមាគម/ក្លិបទូទាំងប្រទេស ។ ចំពោះការប្រកួត មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១២-១៤ ខែមករា ឆ្នាំ២០២៤ ៕