(ភ្នំពេញ)៖ ក្រុមបាល់បោះរទេះជនពិការនារីជម្រើសជាតិកម្ពុជា មានកៅអីចូលរួមជើងឯក IWBF Women's Repechage ឆ្នាំ២០២៤ បន្ទាប់ពីបានឈ្នះមេដាយប្រាក់ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាបាល់បោះរទេះជើងឯកតំបន់អាស៊ី-អូសេអានី (IWBF Asia Oceania Championships) ឆ្នាំ២០២៤ និងវគ្គជម្រុះព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក-ប៉ារីស ឆ្នាំ២០២៤ លើកវិញ្ញាសា ៣ទល់៣ ក្រោយប្រកួតចាញ់ក្រុមខ្លាំងចិន ដោយលទ្ធផល ៩-៣ ក្នុងវគ្គផ្ដាច់ព្រ័ត្រ នៅទីក្រុងបាងកក ប្រទេសថៃ នៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ ។

នេះក្លាយជាកំណត់ត្រាថ្មីមួយទៀត របស់ក្រុមបាល់បោះរទេះជនពិការនារីកម្ពុជា ដែលដណ្ដើមបានមេដាយប្រាក់ក្នុងនាមក្រុមជើងឯករង នឹងជាម្ចាស់មេដាយប្រាក់ ដែលតាមលក្ខខណ្ឌក្រុមបាល់បោះរទេះនារីកម្ពុជានិងក្រុមអូស្ដ្រាលី ដែលយកបានមេដាយសំរឹទ្ធ (លេខ៣) គឺទទួលបានកៅអី ដើម្បីចូលរួមការប្រកួតជើងឯក IWBF Women's Repechage ឆ្នាំ២០២៤ នៅទីក្រុង Osaka ប្រទេសជប៉ុន ។

រំលឹកផងថា សម្រាប់ការចូលរួមការប្រកួតលើវិញ្ញាសា ៣ទល់៣នាក់ ក្នុងព្រឹត្តិការណ៍ដ៏ធំ ជើងឯកតំបន់អាស៊ី-អូសេអានី (IWBF Asia Oceania Championships) ឆ្នាំ២០២៤ និងវគ្គជម្រុះព្រឹត្តិការណ៍ប៉ារ៉ាឡាំពិក-ប៉ារីស ឆ្នាំ២០២៤ នេះ ក្រុមបាល់បោះរទេះនារីកម្ពុជា បានយកឈ្នះក្រុមបាល់បោះរទេះជនពិការនារីអូស្ដ្រាលី ១០-៣, ឈ្នះឥណ្ឌា ១៤-០ និងឈ្នះក្រុមម្ចាស់ផ្ទះថៃ (A) ៩-២។

ខណៈការឈានទៅប្រជែងក្នុងវគ្គ ៨ក្រុមចុងក្រោយ ក្រុមបាល់បោះរទេះនារីកម្ពុជា បានបន្ដយកឈ្នះក្រុមឡាវ ក្នុងលទ្ធផល ១៤-៤ មុនឈានទៅយកឈ្នះក្រុមម្ចាស់ផ្ទះថៃ ដែលស្ថិតក្នុងពូល (B) ដោយលទ្ធផល ៧-៤ ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ខណៈនៅវគ្គផ្តាច់ព្រ័ត្របានចាញ់ក្រុមចិន លទ្ធផល ៩-៣។

ក្រុមបាល់បោះរទេះជនពិការនារីចិន ក្នុងនាមជាក្រុមជើងឯកអាស៊ី-អូសេអានី ពួកគេគឺបានក្លាយជាក្រុមបាល់បោះរទេះនារី លើវិញ្ញាសា ៣ទល់៣នាក់ តែមួយក្រុមគត់ ដែលនឹងតំណាងឲ្យទ្វីបអាស៊ី-អូសេអានី ដើម្បីចូលរួមប្រកួតកីឡាប៉ារ៉ាឡាំពិក-ប៉ារីស ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង នាពេលខាងមុខ ៕