(បរទេស)៖ គិតត្រឹមថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤នេះ ក្រុមហ៊ុន Microsoft បានវ៉ាដាច់ក្រុមហ៊ុន Apple នឹងបានក្លាយជាក្រុមហ៊ុនដែលមានតម្លៃខ្ពស់បំផុតនៅលើពិភពលោក។ ទាំងនេះក៏ដោយសារតែការគាំទ្រខ្លាំងពីបច្ចេកវិទ្យា AI បានធ្វើឱ្យភាគហ៊ុនរបស់ Microsoft កើនឡើងជាបន្តបន្ទាប់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤។

ជាការពិតណាស់ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ បច្ចេកវិទ្យា AI របស់ Microsoft ដូចជា ChatGPT ជាដើម បានជួយឱ្យសន្ទុះភាគហ៊ុនរបស់ក្រុមហ៊ុនសហ្វវែលយក្សនេះ បានកើនឡើងជាខ្លាំង។ ដោយឡែកចំពោះក្រុមហ៊ុន Apple កំពុងបន្តធ្លាក់ចុះតម្លៃភាគហ៊ុនរបស់ខ្លួន ដោយសារតែហេតុផលចំនួនលក់ iPhone 15 បានធ្លាក់ចុះខ្លាំងនៅក្នុងទីផ្សារប្រទេសចិន។

គួរជម្រាបដែរថា តម្លៃទីផ្សាររបស់ Microsoft ឥឡូវនេះបានកើនឡើងដល់ ២.៩០៣ពាន់ពាន់លានដុល្លារ ចំណែកឯតម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Apple វិញមានតម្លៃ ២.៨៨៦ពាន់ពាន់លានដុល្លារដែលលើសគ្នាបន្តិចបន្តួច។ តែយ៉ាងណាតាមរយៈតម្លៃភាគហ៊ុនថ្មីៗនេះ Microsoft កំពុងវិលចូលទៅកាន់តំណែងវិញហើយ នឹងជាក្រុមហ៊ុនដែលធ្លាប់យកឈ្នះ Apple កាលពីឆ្នាំ២០១៨, ២០២០ និង ២០២១៕