(ភ្នំពេញ)៖ សូមចូលរួមអបអរសាទរ ដល់វីរៈកីឡាការិនីបាល់បោះរទេះជនពិការកម្ពុជា ដែលទទួលបានជ័យលាភីលេខ២ ក្នុងព្រឹត្តិការណ៍ការប្រកួតជើងឯកថ្នាក់តំបន់អាស៊ី អូសេអានី នៅប្រទេសថៃ។ នេះបើតាមការបញ្ជាក់ឲ្យដឹង ពីមន្ដ្រីសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ មន្ដ្រីសហព័ន្ធកីឡាបាល់បោះរទេះជនពិការកម្ពុជា បានឲ្យដឹងថា ក្នុងព្រឹត្តិការណ៍នេះ កីឡាការិនីបាល់បោះរទេះជនពិការកម្ពុជា បានឈ្នះ៥ប្រកួតជាប់ៗគ្នា លើវិញ្ញាសារ ៣ទល់៣ ប៉ុន្ដែការប្រកួតផ្តាច់ព្រ័ត្រ បានចាញ់ប្រទេសចិន។

មន្ដ្រីដដែលរូបនេះ បានបន្ថែមទៀតថា ព្រឹត្តិការណ៍ការប្រកួតជើងឯកថ្នាក់តំបន់អាស៊ី អូសេអានី មានការចំនួន៧ប្រទេសចូលរួម សម្រាប់វិញ្ញាសារ ៣ទល់៣ ហើយឥលូវនេះ វិញ្ញាសារ ៣ទល់៣ បានប្រកួតចប់ហើយ ខណៈការប្រកួត៥ទល់៥ នឹងចាប់ផ្ដើមការប្រកួតចាប់ពីល្ងាចនេះ រហូតដល់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ ដោយមានប្រទេសជាច្រើនចូលរួម៕