(អេស្ប៉ាញ)៖ ក្រុមខ្លាំង FC Barcelona ឡើងជួបគូប្រជែងធំក្លិប Real Madrid ក្នុងពានរង្វាន់ Spanish Super Cup ក្រោយពេលស៊ុតយកឈ្នះក្រុម Osasuna ២-០ ដែលការប្រកួតធ្វើឡើងនៅទឹកប្រទេសអារ៉ាប៊ីសាអូឌីត ដ្បិតនេះជាការស្វែងរកការលើកពាននេះ ជាលើកទី១៥ របស់ក្លិបអ្នកមានបុណ្យ នឹងជាការប៉ះគ្នាលើកទី៩ នៅវគ្គផ្តាច់ព្រ័ត្រនេះ។

ស្ថិតក្នុងប្រកួតយកឈ្នះក្រុម Osasuna ក្រុមអ្នកមានបុណ្យ Barcelona ធ្វើបាន ២គ្រាប់ពីការស៊ុតរបស់កីឡាករ Robert Lewandowski នៅនាទី៥៩ និងកីឡាករវ័យ ១៦ឆ្នាំ Lamine Yamal ស៊ុតបាននៅនាទី៩០+៣ ជាមួយការប្រកួតលោកអាជ្ញាកណ្តាលចាយកាតលឿងអស់ ៤សន្លឹកផងដែរ ទៅកាន់កីឡាករ Osasuna ។

បញ្ជាក់ផងថា នេះជាការប្រកួតដណ្តើមពានរង្វាន់ក្របខណ្ឌបាល់ទាត់អេស្ប៉ាញ ដែលជ្រើសយកក្រុម ៤ ដែលមានលក្ខណៈគ្រប់គ្រាន់មកប្រជែងគ្នា ដូចមានក្រុម FC Barcelona ជាជើងឯកលីគ La Liga, ក្រុម Real Madrid និង Atletico Madrid ជាជើងឯករង រួមជាមួយក្រុម Osasuna ជាជើងឯករងពាន Copa del Rey រដូវកាលមុន។

ខណៈការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Spanish Super Cup រវាងក្រុម FC Barcelona ប៉ះក្រុម Real Madrid នឹងធ្វើឡើងនៅទីក្រុង Riyadh នាថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤នេះ ដែលក្រុមដឹកនាំដោយលោក Xavi ជាជើងឯក ១៤សម័យកាល និង Real Madrid ដឹកនាំដោយលោក Carlo Ancelotti ឈ្នះពាននេះបាន ១២លើក ដ្បិតរដូវកាលមុន Barca យកឈ្នះ ៣-១ នៅទឹកដីអារ៉ាប៊ីសាអូឌីតនេះផងដែរ៕