(បរទេស)៖ នាពេលថ្មីៗនេះមានពាក្យចចាមអារ៉ាមថា តារាចម្រៀង Britney Spears នឹងបញ្ចេញអាល់ប៊ុមចម្រៀងថ្មីដែលជាអាល់ប៊ុមចម្រៀងទី១០ ក្នុងពេលឆាប់ៗ។​ តែយ៉ាងណាព័ត៌មាននេះត្រូវបានសាមីខ្លួនចេញមុខបដិសេដថា មិនមែនជាការពិត ហើយថែមទាំងសង្កត់ធ្ងន់ថា គ្មានថ្ងៃវិលមកវិស័យតន្ត្រីវិញឡើយ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤។

តារាចម្រៀងរូបនេះ បានបង្ហោះសារបញ្ជាក់ច្បាស់ៗបែបនេះតាមរយៈគណនី Instagram របស់ខ្លួន ដោយអះអាងយ៉ាងដូច្នេះថា «ដូចដឹងហើយថាព័ត៌មានភាគច្រើនគឺសំរាម! ពួកគេចេះតែនិយាយថាខ្ញុំកំពុងរកអ្នកនេះអ្នកនោះឱ្យធ្វើអាល់ប៊ុមថ្មី ទាំងការពិតខ្ញុំគ្មានថ្ងៃវិលត្រលប់ទៅវិស័យចម្រៀងវិញទេ»។ សាររបស់តារាចម្រៀង Britney Spears បញ្ចេញ បន្ទាបពីមាន សារព័ត៌មានជាច្រើនរួមមាន the Sun U.S និង Page Six បានរាយការណ៍ថា Britney Spears បានពឹងសិល្បករផ្សេងទៀតដូចជា Charlie XCX (ឆាលី អិចស៊ីអិច) និង Julia Michaels (ជូលៀ ម៉ាយឃើលស៍) ឱ្យនិពន្ធបទចម្រៀងឱ្យខ្លួន។

ក្នុងសារ Instagram Britney Spears បានបន្ថែមទៀតថា រយៈពេល២ឆ្នាំកន្លងមកនេះ នាងបាននិពន្ធបទចម្រៀងច្រើនជាង ២០បទឱ្យតារាចម្រៀងផ្សេងៗ ដោយមិនបានបញ្ចេញឈ្មោះឡើយ ព្រោះនាងពិតជារីករាយនឹងការធ្វើបែបនេះ។

គួរជម្រាបថា Britney Spears ទទួលបានភាពល្បីល្បាញតាំងពីវ័យក្មេងជាមួយនឹងបទដំបូងរបស់នាងដែលមានចំណងជើងថា «Baby One More Time» ក្នុងឆ្នាំ ១៩៩៨។ រហូតមកទល់នឹងបច្ចុប្បនេះ នាងហាក់ឃ្លាតឆ្លាយពីវិស័យចម្រៀង ពោលគឺមិនបានបញ្ចេញមុខក្នុងកម្មវិធីសិល្បៈឡើយ ព្រោះហេតុផលផ្ទាល់ខ្លួនមួយចំនួន៕