(លីវើភូល)៖ ខ្សែបម្រើក្លិប Liverpool កីឡាករ Dominik Szoboszlai នឹងខកខានការប្រកួតដណ្តើមពានរង្វាន់ FA Cup នៅចុងសប្តាហ៍នេះទល់នឹង Arsenal ព្រមទាំងការប្រកួតវគ្គពាក់កណ្តាល League Cup ទល់នឹង Fulham ដោយសាររបួសសរសៃពួរ។ នេះបើយោងតាមអ្នកចាត់ការ Jurgen Klopp ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤។

កីឡាករអន្តរជាតិហុងគ្រីរូបនេះត្រូវបានប្តូរចេញនៅនាទី៦៤ ក្នុងការប្រកួតឈ្នះ ៤-២ របស់ក្លិប Liverpool ក្នុងលីគ Premier League លើគូប្រជែង Newcastle កាលពីរាត្រីថ្ងៃចន្ទ។

«វាជារបួសសាច់ដុំ និងសរសៃពួរ។ ខ្ញុំមិនដឹងទេ យើងត្រូវរង់ចាំ។ Dom មិនឈឺចាប់ខ្លាំងនោះទេ ប៉ុន្តែយើងត្រូវរង់ចាំបន្តិចសិន»។ នេះបើតាមការលើកឡើងរបស់លោក Klopp ប្រាប់អ្នកសារព័ត៌មាន មុនការប្រកួតនារាត្រីថ្ងៃអាទិត្យ នៅកីឡដ្ឋាន Emirates របស់កាំភ្លើងធំ។

Liverpool ក៏នឹងគ្មានកីឡាករ Mohamed Salah ផងដែរ ខណៈខ្សែប្រយុទ្ធរូបនេះ ជាប់លេងឱ្យជម្រើសជាតិអេហ្ស៊ីបក្នុងព្រឹត្តិការណ៍ Africa Cup of Nations ស្របពេលខ្សែបម្រើប្រយុទ្ធ Wataru Endo ក៏ជាប់លេងឱ្យក្រុមជម្រើសជាតិជប៉ុននៅ Asian Cup ដែរ៕