(ឡុងដ៍)៖ ខ្សែការពារសញ្ជាតិអាល្លឺម៉ង់ Thilo Kehrer បានចូលរួមជាមួយក្លិបបារាំង AS Monaco ដោយផ្ទេរមកពី West Ham United របស់អង់គ្លេសក្នុងលក្ខខណ្ឌខ្ចីជើងរហូតចប់រដូវកាលនេះ ជាមួយនឹងជម្រើសផ្ទេរជាអចិន្ត្រៃយ៍ផងដែរ។ នេះបើតាមការប្រកាសពីក្លិបលេងនៅ Premier League ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤។

Kehrer វ័យ ២៧ឆ្នាំ បានបង្ហាញខ្លួន ៥០ប្រកួតជាមួយញញួរធំ West Ham ចាប់តាំងពីលោកបានចូលរួម កាលពីខែសីហា ឆ្នាំ២០២២ ក្រោយផ្ទេរមកពី PSG ម្ចាស់ជើងឯក Ligue 1 រដូវកាលមុន។

កីឡាកររូបនេះបានបង្ហាញខ្លួនត្រឹមតែ ១២លើកប៉ុណ្ណោះ ក្នុងការប្រកួតទាំងអស់សម្រាប់រដូវកាលនេះជាមួយ West Ham ដែលកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៦ ក្នុងតារាង Premier League គ្រាដែល Monaco កំពុងស្ថិតនៅចំណាត់ថ្នាក់ទី៣ ក្នុងតារាង Ligue 1 ដាច់ ៧ពិន្ទុតាមពីក្រោយក្រុមកំពូលតារាង PSG៕