(ខូភេនហាហ្គេន)៖ កីឡាការិនីអន្តរជាតិដាណឺម៉ាក Rikke Sevecke បានប្រកាសការចូលនិវត្តន៍របស់នាង ពីវិស័យបាល់ទាត់ ក្នុងវ័យ ២៧ឆ្នាំ ដោយមូលហេតុនាងមិនអាចបន្តអាជីពនេះបានទៀត ក៏ព្រោះតែស្ថានភាពបេះដូង។ នេះបើយោងតាមសារព័ត៌មាន​ CNA ចេញផ្សាយនៅថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៤។

Sevecke ដែលបានបង្ហាញខ្លួនជាង ៥០លើក សម្រាប់ក្រុមជម្រើសជាតិដាណឺម៉ាកនោះ បានលេងឱ្យក្លិប Everton នៅលីគ Women's Super League មុនពេលផ្លាស់ទៅលេងនៅក្លិបអាមេរិក Portland Thorns កាលពីខែកញ្ញា។ យ៉ាងណាមិញ នាងមិនទាន់បានបង្ហាញខ្លួន ១ប្រកួតនៅឡើយទេ សម្រាប់ក្លិបអាមេរិកនេះ។

«វាពិបាកនឹងនិយាយចាប់ផ្តើមពីណាមុន។ ខ្ញុំបានចាប់ផ្តើមលេងបាល់ទាត់ តាំងតែពីខ្ញុំចេះដើរ ហើយវាតែងតែជាផ្នែកមួយដ៏ធំនៅក្នុងជីវិតរបស់ខ្ញុំ ប៉ុន្តែឥឡូវនេះត្រូវចប់ហើយ»។ នាងបានសរសេរនៅលើ Instagram។

នាងបានបន្តថា «កាលពីប៉ុន្មានខែកន្លងទៅនេះ ខ្ញុំបានធ្វើការពិនិត្យមួយចំនួន ហើយថ្មីៗនេះ ខ្ញុំបានទទួលលទ្ធផលត្រឡប់មកវិញ គឺខ្ញុំមានបញ្ហាបេះដូង។ នេះមានន័យថា ខ្ញុំមិនត្រូវបានអនុញ្ញាត ឱ្យបន្តប្រកបអាជីពបាល់ទាត់បានទៀតទេ ហើយខ្ញុំត្រូវបញ្ឈប់អាជីពរបស់ខ្ញុំភ្លាមៗ»

​សូមជម្រាបថា Sevecke មិនមែនអ្នកប្រកបអាជីពបាល់ទាត់ជាលើកទី១ នោះទេ ដែលបានប្រកាសចូលនិវត្តន៍ ដោយសារតែបញ្ហាបេះដូង។ ជាក់ស្តែងកាលពីខែធ្នូ ឆ្នាំ២០២១ ខ្សែប្រយុទ្ធអាហ្សង់ទីន កីឡាករ Sergio Aguero បានបង្ខំចិត្តចូលនិវត្តន៍ក្នុងវ័យ ៣៣ឆ្នាំ ដោយសារតែមានបញ្ហាបេះដូង ស្របពេលកីឡាករ Lucas Leiva ក៏បានចូលនិវត្តន៍កាលពីឆ្នាំមុនផងដែរ ដោយសារហេតុផលស្រដៀងគ្នានេះដែរ៕