(បរទេស)៖ ក្រុមហ៊ុន Nokia បានប្រកាសនៅសប្តាហ៍នេះថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណប៉ាតង់ 5G ថ្មីមួយ ជាមួយនឹងក្រុមហ៊ុនចិន Honor។ ខណៈកិច្ចព្រមព្រៀងនេះ នឹងគ្របដណ្តប់ទៅលើរបកគំហើញថ្មីៗ រវាងក្រុមហ៊ុនទាំងពីរទៅលើបច្ចេកវិទ្យា 5G និង បច្ចេកវិទ្យាផ្សេងទៀតដែលដំណើរការលើបណ្តាញអ៊ីនធឺណិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៣។

Nokia បានឱ្យដឹងថា នេះជាកិច្ចព្រមព្រៀងប៉ាតង់ 5G នៅលើស្មាតហ្វូនដ៏ធំលំដាប់ទី៤ ដែលខ្លួនបានសហការ និងចុះកិច្ចព្រមព្រៀងក្នុងរយៈពេល ១២ខែចុងក្រោយនេះ។ គិតមកដល់ពេលនេះ Nokia បានផ្តល់ប៉ាតង់ 5G ទៅកាន់ក្រុមហ៊ុនផលិតស្មាតហ្វូនយក្សមួយចំនួនរួមមាន Apple, Samsung, Huawei និងក្រុមហ៊ុនចិន Honor។

យ៉ាងមិញជុំវិញកិច្ចព្រមព្រៀងប្រើប្រាស់ប៉ាតង់ 5G ថ្មីនេះមិនត្រូវបាន Nokia បង្ហាញពីតម្លៃនោះទេ ដោយគ្រាន់តែបង្ហើបប្រាប់ថា «លក្ខណ្ឌនៃកិច្ចព្រមព្រៀងនេះគឺត្រូវបានរក្សាទុកជាការសម្ងាត់»។ តែរឿងដែលគួរឱ្យចាប់អារម្មណ៍នោះគឺថា ក្រុមហ៊ុនចិន Honor ព្រមសម្រេចចិត្តជ្រើសរើសការប្រើប្រាស់ប៉ាតង់ 5G ស្របច្បាប់ពី Nokia និងយល់ព្រមបង់ប្រាក់ ស្របពេលដែលក្រុមហ៊ុនចិនដូចគ្នា Oppo កំពុងតែប្តឹងផ្តល់គ្នាខ្លាំងជាមួយនឹង Nokia ពីបទលួចប៉ាតង់ និងប្រើប្រាស់មិនស្របច្បាប់ទៅវិញ។

គួរជម្រាបដែរថា Nokia គឺជាក្រុមហ៊ុនផលិតស្មាតហ្វូនមួយដែល ធ្លាប់ទទួលបានប្រជាប្រិយភាពខ្លាំងកាលពីអំឡុងជាង មួយទស្សវត្សមុន និងជាក្រុមហ៊ុនបច្ចេកវិទ្យាដែលមានវ័យចំណាស់ជាងគេនៅលើទឹកដី ប្រទេសហ្វាំងឡង់។ ជាមួយនឹងការវិវត្តន៍ខ្លួនថ្មី Nokia កំពុងក្លាយជាក្រុមហ៊ុនដែលទទួលបានប្រជាប្រិយភាពថ្មីមួយបែបទៀតជំនួសឱ្យស្មាតហ្វូន គឺការគ្របដណ្តប់ទៅលើបច្ចេកវិទ្យា 5G ដែលជាតម្រូវការដ៏សំខាន់បំផុតមួយទូទាំងពិភពលោក៕