(កំពង់ធំ)៖ ដើម្បីអបអរសាទរ ទិវាជ័យជំនះ ៧មករា លើកទី៤៥ ដែលជាថ្ងៃកំណើតទី២ ក្នុងក្របខ័ណ្ឌខេត្តកំពង់ធំ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ បានរៀបចំប្រកួតកីឡាវាយសីពានរង្វាន់អភិបាលខេត្តកំពង់ធំ ក្រោមវត្តមានលោក ឃឹង នុភាព អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ និងលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ។

លោក ងួន រតន: បានថ្លែងអំណរគុណដល់ក្រុមកីឡាទាំងអស់ ដែលបានចូលរួមប្រកួតនៅថ្ងៃនេះ បានបង្ហាញពីការស្រឡាញ់កីឡា កីឡានាំមកនូវសុខភាព មិត្តភាព ហើយវាក៏ជាថ្នាំពេទ្យដ៏ពិសេសសម្រាបសុខភាពយើងផងដែរ ហើយកត្តាទាំងនេះជាមធ្យោបាយអាទិភាព ក្នុងការអភិវឌ្ឍសង្គមជាតិ ដើម្បីសុខុមាលភាពរបស់ប្រជាជនគ្រប់រូប និងកសាងប្រសិទ្ធផលកីឡាករ កីឡាការិនី ឲ្យមានកម្រិតខ្ពស់ និងទេពកោសល្យច្បាស់លាស់ផង។

លោកបានបន្ថែមថា ការប្រកួតកីឡានេះ គឺមានគោលបំណងចង់ឲ្យយុវជនជំនាន់ក្រោយ ខិតខំប្រឹងប្រែងលើកស្ទួយវិស័យកីឡាជាតិរបស់យើងឈានទៅពង្រឹង ពង្រីកបានទាំងផ្នែកបរិមាណគុណភាព ប្រកបដោយថាមពល និងជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងល្បែងអបាយមុខផ្សេងៗ។ ឈរលើមូលដ្ឋានគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡានេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានសិក្សាលើគ្រប់ ទិដ្ឋភាព គ្រប់ជ្រុងជ្រោយ ក្នុងនោះបានកំណត់នូវរាល់បញ្ហាប្រឈមនានា បញ្ហាប្រឈមគន្លឹះ នៃការដោះស្រាយនេះ គឺជាបរិបទនៃការកែទម្រង់ការងារគ្រប់គ្រងដោយធ្វើសនិទានកម្ម គ្រប់សកម្មភាពអប់រំកាយ និងកីឡា។

លោកបានអំពាវនាវយុវជនទាំងអស់ ឱ្យចូលរួមលេងកីឡាឱ្យស្របទៅនឹងការរៀបចំដាក់ពាក្យស្លោកអបអរសាទរយុទ្ធនាការចលនាប្រជាជនម្នាក់លេងកីឡាមួយប្រភេទយ៉ាងតិចប្រចាំជីវិត ដើម្បីឱ្យប្រជាជនគ្រប់រូបចូលរួមស្រឡាញ់ចូលចិត្តគាំទ្រ និងលេងកីឡា ដើម្បីទទួលបានសុខភាពល្អ និងសុខមាលភាពទាំងផ្លូវកាយ និងផ្លូវចិត្តមានជីវភាពល្អប្រសើរ សាម្គីភាព ប្រកបដោយបរិយាបន្នសុខដុមរមនីយកម្មក្នុងសង្គម។

លោក ងួន រតនៈ បានលើកឡើងថា ការប្រកួតពេលនេះទោះបីមានការឈ្នះចាញ់ចាត់ទុកថា ជារឿងធម្មតា និងមិនត្រូវមានចិត្តខឹងស្អប់គ្នានោះទេ ផ្ទុយទៅវិញត្រូវចង្អុលបង្ហាញនូវចំណុចខ្វះខាត និងភាពខ្សោយរបស់យើងឲ្យគ្នាទៅវិញទៅមកជាពិសេសត្រូវខិតខំហ្វឹកហាត់បន្ថែមទៀត។

គួរបញ្ជាក់ថាការប្រកួតកីឡាវាយសី រយៈពេល១ថ្ងៃពេញ ដោយមាន១២ក្រុម មានកីឡាករ២៤នាក់។ លទ្ធផលពានធំបានទៅលើ៖ លេខ១ លោក សុខ ឡាដេត និងលោក លី សំបូររិទ្ធិ, លេខ២ លោក វុធ សូវៀត និងលោក លឹម សារ៉ារិទ្ធ។ ពានតូចបានទៅលើ លេខ១ លោក សុខ ឧត្តម និង លោក លី សុភារ៉ា និងលេខ២ លោក មុំ ចែម និងលោក លី សាម៉េត៕