(បរទេស)៖ ក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូង Hyundai Motor និង Kia បានព្យាករណ៍ពីចំនួនលក់រថយន្តជាសកលរួមគ្នារបស់ពួកគេ នឹងកើនឡើងប្រហែល ២ភាគរយនៅឆ្នាំ ២០២៤នេះ ទោះបីជាការលក់កាលពីឆ្នាំ២០២៣ កន្លងទៅ បានធ្លាក់ចុះមិនដល់គោលដៅក៏ដោយ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។

ជាលទ្ធផលនៃចំនួនលក់រថយន្តរបស់ក្រុមហ៊ុនកូរ៉េខាងត្បូងទាំងពីរនេះរួមបញ្ចូលគ្នា ដាក់លក់បានត្រឹមតែចំនួន ៧.៣លានគ្រឿងប៉ុណ្ណោះ ក្នុងឆ្នាំ២០២៣ ដែលបង្ហាញពីការធ្លាក់ចុះប្រហែល ៣ភាគរយពីគោលរួមរបស់ពួកគេ ដែលបានរំពឹងទុកថា អាចនឹងលក់រថយន្តបានប្រមាណ ៧.៥២លានគ្រឿងឯណោះ។ ទាំងនេះក៏ដោយសារតែបញ្ហា វិបត្តិសេដ្ឋកិច្ចនៅតែបន្តកើនឡើង រួមទាំងការកើនឡើងនៃអត្រាប្តូរប្រាក់ និងអតិផរណារថយន្តផងដែរ។

បទពិសោធន៍នៃការរំពឹងទុកខ្ពស់កាលពីឆ្នាំ២០២៣ កន្លងទៅ ក្នុងឆ្នាំថ្មីនេះ Hyundai និង Kia បានព្យាករណ៍ផែនការលក់របស់ខ្លួនកើនឡើងត្រឹម ២ភាគរយប៉ុណ្ណោះ ដោយពួកគេកំណត់គោលដៅលក់រថយន្តជាសកលចំនួន ៧,៤៤លានគ្រឿងនៅឆ្នាំនេះ។

គួរជម្រាបដែរថា ប៉ុន្មានឆ្នាំចុងក្រោយនេះ Hyundai កំពុងតែប្រជ្រៀតខ្លួនកាន់តែខ្លាំងឡើងដើម្បីឈានជើងចូលវិស័យផលិតរថយន្តអគ្គិសនី។ ជាក់ស្តែងក្នុងឆ្នាំ២០២៤ នេះ Hyundai មានបំណងបង្កើនការលក់រថយន្តទូទាំងពិភពលោកកើនឡើង ០.៦ភាគរយដល់ចំនួន ៤.២៤លានគ្រឿង ខណៈដែល Kia កំណត់គោលដៅលក់របស់ខ្លួនកើនដល់ ៣.២លានគ្រឿង កើនឡើងប្រហែល ៤ភាគរយបើធៀបនឹងឆ្នាំមុន៕