(ឡុងដ៏)៖ កីឡាករអ្នកចាំទីអន្តរជាតិអាមេរិក Zack Steffen បានសម្រេចចាកចេញពីក្លិប Manchester City វិលត្រលប់ទៅកាន់លីគ Major League Soccer ដោយបានទៅចូលរួមជាមួយក្លិប Colorado Rapids ក្រោយពេលការឈរជើងក្នុងលីគអង់គ្លេសរដូវកាលនេះ រូបគេគ្មានជម្រើសសម្រាប់អ្នកចាត់ការលោក Pep Guardiola, នេះបើតាមប្រភពពីក្លិបទាំងពីរបានឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍។

អ្នកចាំទីវ័យមាន ២៨ឆ្នាំ Zack បានចុះកិច្ចសន្យារយៈពេល ៣ឆ្នាំ ជាមួយក្លិបថ្មី Colorado ហើយក៏ស្ថិតក្នុងលក្ខខណ្ឌថែមមួយឆ្នាំទៀតផងដែរ ខណៈនេះជាការចាកចេញពី Man City បន្ទាប់ពីបានចំណាយពេល ៤រដូវកាលជាមួយក្រុមម្ចាស់ជើងឯកលីគ Premier League ដែលរូបគេបានមកចូលរួមកាលឆ្នាំ២០១៩ ដ្បិតក្នុងរដូវកាល២០២៣-២៤ រូបគេមិនបានជាប់ជម្រើសចូលចាប់បាល់នៅទេ ក្រោមការដឹកនាំរបស់លោក Pep Guardiola ទាំងការប្រជែងលីគ និងក្របខណ្ឌលីគអឺរ៉ុប។

ស្ថិតក្នុងរយៈពេល ៤រដូវកាលមកនេះ Zack បានបង្ហាញខ្លួនចំនួន ២១ដងប៉ុណ្ណោះ ដែលភាគច្រើនជាការលេងក្នុងការប្រកួតពានរង្វាន់ក្នុងស្រុកប៉ុណ្ណោះជាមួយ Man City នាមជាកីឡាករអ្នកចាំទីជម្រើសជាតិអាមេរិក បានបង្ហាញខ្លួន ២៩លើក ហើយមាន ២ប្រកួតបានចូលចាំក្នុងលីគកំពូលអង់គ្លេស។

Zack ក៏បានចំណាយពេលពេញមួយរដូវកាលលេងក្នុងលក្ខខណ្ឌខ្ចីជើងនៅក្លិប Middlesbrough ដែលស្ថិតក្នុងក្របខណ្ឌលីគទី២ Championship ដោយបង្ហាញខ្លួនបាន ៤៥លើកគ្រប់កម្មវិធីប្រកួត ហើយរួមចំណែកជួយក្លិបឈានដល់ការលេងវគ្គ Play-off ផងដែរ ដែលរូបគេជាអ្នកចាំទីម្នាក់ត្រូវបានក្លិប Man City នាំមកពីក្លិប Columbus Crew SC កាលឆ្នាំ២០១៩៕