(ព្រះសីហនុ)៖ គម្រោងអភិវឌ្ឍន៍ Bay of Lights ដែលមានទីតាំងស្ថិតនៅឆ្នេរសមុទ្ររាម នៃខេត្តព្រះសីហនុ បានប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការនូវទីលានវាយកូនហ្គោល Bay 19 ដែលជាទីលានវាយកូនហ្គោលជាប់មាត់ឆ្នេរសមុទ្រស្តង់ដាអន្តរជាតិ USGA រចនាបទឡើងដោយកីឡាករវាយកូនហ្គោលដ៏ល្បីល្បាញ Greg Norman ដំបូងគេបំផុតនៅកម្ពុជា ដែលជាការបើកទំព័រថ្មីនៃកីឡាវាយកូនហ្គោលនៅកម្ពុជា។
ពិធីបើកសាងសង់ការដ្ឋានទីលានវាយកូនហ្គោល Bay 19 បានប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ និង លោក សេង ម៉េងហុង រដ្ឋលេខាធិការនៃក្រសួងទេសចរណ៍ រួមទាំងវត្តមានដ៏ខ្ពង់ខ្ពស់របស់ភ្ញៀវកិត្តិយស លោកទេសរដ្ឋមន្ត្រី លី ធុច និង លោក Santo Darmosumarto ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌូណេស៊ី។ វត្តមានរបស់គណៈអធិបតី ក៏ដូចជាភ្ញៀវកិត្តិយសដ៏ខ្ពង់ខ្ពស់ ក្នុងពិធីនេះ បានសបញ្ជាក់អំពីការគាំទ្រពីសំណាក់រាជរដ្ឋាភិបាល ក៏ដូចជាការចាប់អារម្មណ៍ពីសំណាក់ភ្ញៀវអន្តរជាតិផងដែរ។
ទីលានវាយកូនហ្គោល Bay 19 នេះមិនត្រឹមតែមានផ្ដល់ជូនបទពិសោធន៍នៃការលេងកីឡាបែបស្តង់ដាអន្តរជាតិនោះទេ ប៉ុន្តែក៏មានអមជាមួយនូវទេសភាពដ៏ស្រស់ត្រកាលនៃឆ្នេរសមុទ្រប្រទេសកម្ពុជា ដែលនឹងធ្វើឲ្យទីលានវាយកូនហ្គោល Bay 19 មានលក្ខណៈពិសេស ខុសប្លែកពីទីលានវាយកូនហ្គោលនៅក្នុងស្រុកដទៃទៀត។
ក្នុងបរិវេណនៃទីលានវាយកូនហ្គោល Bay 19 ផងដែរក៏ នឹងមាននូវសណ្ឋាគារផ្កាយបួនចំនួនបួន រីសតផ្កាយ ៥ និងផ្កាយ ៦ ចំនួនបី និងផ្លូវដើរលំហែចំនួនបួន ដែលនេះនឹងធ្វើឲ្យទីលានវាយកូនហ្គោល Bay 19 ក្លាយជាទីតាំងកម្សាន្តដ៏ល្អប្រពៃទាំងសម្រាប់អ្នកនិយមលេងកីឡាវាយកូនហ្គោល និងភ្ញៀវទេសចរទូទៅផងដែរ។
ការសាងសង់ដំណាក់កាលដំបូងនៃទីលានវាយកូនហ្គោលដែលមានទំហំវិនិយោគ ៤១លានដុល្លារនេះ នឹងមានជាទីលានវាយកូនហ្គោលរយៈចម្ងាយឆ្ងាយ ដែលគ្រោងបើកដំណើរការនៅត្រឹមត្រីមាសទីបី នៃឆ្នាំ២០២៥ ហើយទីលានវាយកូនហ្គោលស្តង់ដា ១៨រន្ធ គ្រោងនឹងទទួលស្វាគមន៍ភ្ញៀវជាតិ និងអន្តរជាតិ នៅត្រឹមឆ្នាំ២០២៧ ជាមួយនឹងគោលដៅសម្រេចការសាងសង់ទាំងស្រុងត្រឹមឆ្នាំ២០២៩។
ជាមួយការផ្ដល់ជូននូវបទពិសោធន៍នៃការលេងកូនហ្គោលដែលមិនអាចប្រៀបផ្ទឹមបាន រួមជាមួយកន្លែងស្នាក់នៅប្រណីតដ៏ច្រើនជម្រើស និងការផ្ដល់គាំទ្រពីសំណាក់រាជរដ្ឋាភិបាលផងដែរនោះ ទីលានវាយកូនហ្គោល Bay 19 នឹងក្លាយជាគោលដៅដ៏ល្អឯកទាំងសម្រាប់ការវិនិយោគ និងការកម្សាន្ត។ ការអភិវឌ្ឍនេះមិនត្រឹមតែផ្លាស់ប្ដូរបទពិសោធន៍នៃការលេងកីឡាវាយកូនហ្គោលនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជាទីតាំងដែលនឹងផ្ដល់បទពិសោធន៍ដ៏អស្ចារ្យក្នុងតំបន់អាស៊ីអាគ្នេយ៍ផងដែរ៕