(ភ្នំពេញ)៖ បើកទំព័រឆ្នាំថ្មី ឆ្នាំ២០២៤នេះ កម្មវិធីដ៏ល្បី The Wall Song Cambodia រដូវកាលទី២ ដែលទស្សនិកជនបានទន្ទឹងរង់ចាំបានត្រឡប់មកវិញហើយ។ នៅក្នុងរដូវកាលថ្មីនេះ ទស្សនិកជននឹងកាន់តែប្លែកភ្នែកជាងរដូវកាលទី១ ព្រោះតែមានការរចនាឆាកថ្មីយ៉ាងទំនើប និងទាក់ទាញ ដោយមានការសម្រិតសម្រាំងបំផុតពីផលិតករ និងក្រុមការងារជំនាញផ្នែករចនាឆាករបស់ ស្ថានីយទូរទស្សន៍ភីអិនអិន ។

អ្វីដែលពិសេសទៀតនោះ សម្រាប់កម្មវិធី The Wall Song Cambodia រដូវកាលទី២ នឹងមានតារាកិត្តិយសពិសេសមួយរូបបន្ថែមទៀត ដែលនឹងមកជួយផ្តល់ជាមតិយោបល់ដល់តារាកិត្តិយស៣ដួង នៅខាងមុខជញ្ជាំង ដើម្បីឱ្យការទស្សន៍ទាយពីតារាអាថ៌កំបាំងក្រោយជញ្ជាំង និងការបង្កសកម្មភាពញ៉ាំងឲ្យកម្មវិធីកាន់តែសប្យាយរីករាយ។ ការផ្តល់ជាយោបល់ពីសំណាក់តារាកិត្តិយសពិសេសនេះ មិនប្រាកដយកជាការបាន ឬក៏កាន់តែឲ្យវិលមុខបន្ថែមយ៉ាងណានោះទេ មានតែរង់ចាំតាមដានទស្សនាទាំងអស់គ្នា។

រីឯវត្តមានរបស់តារាកិត្តិយស និងក្រោយជញ្ជាំងវិញ នឹងមានការចូលរួមពីសំណាក់តារាគ្រប់ស្រទាប់ គ្រប់ជំនាញក្នុងវិស័យសិល្បៈ មកជួបជុំគ្នាលើឆាកតែមួយបង្កើតជាបរិយាកាសរីករាយ និងភាពភ្ញាក់ផ្អើល។ ភ្ញាក់ផ្អើលនេះត្រង់ថា អ្នកទាំងអស់គ្នាមិនបានដឹងអំពីអត្តសញ្ញារបស់តារាក្រោយជញ្ញាំងថាពួកគេអាចជាសាច់ញាតិ ឬអ្នកដែលមានទំនាក់ទំនង និងមានអនុស្សាវរីយ៍ពិសេស ឬក៏អាចជាតារាដែលជិតស្និទ្ធបំផុតជាមួយតារានៅខាងមុខជញ្ជាំង។

កម្មវិធី The Wall Song Cambodia រដូវកាលទី២ ទាំងផលិតករ និងក្រុមកាងារនៃស្ថានីយទូរទស្សន៍ភីអិនអិន បានប្រឹងប្រែងផលិតនូវអ្វីដែលថ្មីដើម្បីអោយទស្សនិកជនទទួលបាននូវភាពរីករាយ ប្លែកភ្នែក ពីមួយសប្តាហ៍ទីមួយសប្តាហ៍។ កម្មវិធី The Wall Song Cambodia រដូវកាលទី២ នេះ នឹងមកជួបទស្សនិកជននាថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ ខាងមុខ ចាប់ពីវេលាម៉ោង ៨យប់ តទៅនៅលើកញ្ចក់ ទូរទស្សន៍ភីអិនអិន ។ កម្មវិធីនេះចូលរួមឧបត្ថម្ភផ្តាច់មុខដោយ Vattanac Premium Beer, Vattanac Premium Light, Dragon Premium Dark Beer៕