(បរទេស)៖ សៀវភៅ Comic Book ថ្មីមួយបានរៀបរាប់ពីការកើនឡើង នៃការចាប់អារម្មណ៍ ចំពោះក្រុមតន្ត្រី K-pop របស់កូរ៉េខាងត្បូង BTS និងការផ្លាស់ប្តូរថ្មីៗរបស់ពួកគេ ទៅបម្រើយោធា។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។

ក្រុមហ៊ុនបោះពុម្ពសៀវភៅ Tidalwave បានឲ្យដឹងថា សៀវភៅដែលរៀបរាប់ពីក្រុម BTS នេះ គឺមានកម្រាស់២២ទំព័រ រំលេចពីប្រជាប្រិយភាពក្នុងពិភពតន្ត្រី។ ចាប់តាំងពីការបង្ហាញខ្លួនដំបូងរបស់ពួកគេ ក្នុងឆ្នាំ២០១៣ ក្រុម BTS បានក្លាយជាការចាប់អារម្មណ៍ទូទាំងពិភពលោក ជាមួយនឹងការពេញនិយមយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រចំពោះពួកគេ និងយុទ្ធនាការសង្គមដែលមានគោលបំណង ផ្តល់អំណាចដល់យុវជន។

តែយ៉ាងណា នៅពេលនេះ សមាជិកក្រុមទាំងអស់បានចូលបំពេញកាតព្វកិច្ចយោធាហើយ ត្បិតរាល់បុរសទាំងអស់ក្នុងប្រទេសកូរ៉េ ដែលមានអាយុចន្លោះពី ១៨ដល់ ២៨ឆ្នាំ ត្រូវចូលបំពេញកាតព្វកិច្ចយោធាចន្លោះពី ១៨ទៅ ២១ខែ។ មានការរំពឹងដល់ឆ្នាំ២០២៥ ទើបក្រុមនេះបានជួបជុំគ្នាឡើងវិញ។ សម្រាប់សៀវភៅនេះ នឹងបញ្ចេញជាផ្លូវការនៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ៕