(ភ្នំពេញ)៖ តារាចម្រៀងទើបនឹងរះថ្មីថ្មោងលោក ថៃ នរបណ្ឌិត ហៅ Bennie Thai ដែលត្រូវបានគេស្កាល់ថា ត្រូវជាប្អូនបង្កើតរបស់លោក ថៃ នរវិទូ និងតារាចម្រៀង ហ្វីយ៉ាតា និងជាកូនទី២ របស់លោកលោក ថៃ នរសត្យា បានបញ្ចេញនូវចម្រៀងថ្មីរបស់ខ្លួនជាលើកដំបូង មានចំណងជើងថា «កុំបោះបង់» ជាស្នាដៃរបស់អ្នកនិពន្ធល្បី ប្រចាំក្នុងផលិតកម្មរស្មីហង្សមាស គឺអ្នកស្រី ងិន ម៉ានីយ៉ា ដែលជាម្ដាយបង្កើតរបស់ខ្លួន។

បន្ទាប់ពីបានស្ដាប់បទចម្រៀង «កុំបោះបង់» រួចមក ចម្រៀងនេះហាក់មានអត្ថន័យចាក់ដោតខ្លាំង ចំក្រអៅបេះដូង ជាពិសេសយុវវ័យដែលកំពុងតែមានស្នេហាលើកដំបូង ព្រោះបានបង្ហាញពីស្នេហាស្មោះស្ម័គ្រ ប៉ុន្តែត្រូវមករងគ្រោះដោយសារស្នេហា។ ទោះជាយ៉ាងណា បទចម្រៀងនេះ បានបង្កប់នូវខ្លឹមសារឲ្យមនុស្សចេះតស៊ូគ្រប់ឧបសគ្គ កុំចុះចាញ់នឹងរឿងស្នេហា ត្រូវដើរទៅមុខជានិច្ច និងត្រូវមានក្ដីសង្ឃឹមប្រកបដោយភាពជឿជាក់មុតមាំ ពោលគឺមិនត្រូវចុះចាញ់ ឬទោរទន់ទៅតាមភាពបរាជ័យ ដែលខ្លួនបានឆ្លងកាត់នោះឡើយ។

ងាកមកតារាចម្រៀង ថៃ នរបណ្ឌិត ឯណេះវិញត្រូវបានគេស្គាល់ថា លោកគឺជាតារាចម្រៀងថ្មីទើបនឹងរះក្នុងវិស័យសិល្បៈ ដែលមានឈាមជ័រជាអ្នកសិល្បៈ ពោលគឺលោកមានម្ដាយ ជាអ្នកនិពន្ធចទចម្រៀងល្បីឈ្មោះរាប់ឆ្នាំមកហើយ គឺអ្នកស្រី ងិន ម៉ានីយ៉ា និងមានបងប្អូនបង្កើតសុទ្ធសឹងតែជាតារាចម្រៀងល្បី រួមមានលោក ថៃ នរពិទូ និងកញ្ញា ថៃ នរសុជាតា ហៅ ហ្វីយ៉ាតា ជាដើម។

ចង់ដឹងថាបទចម្រៀងបែបយុវវ័យ ជាស្នាដៃលើកដំបូងរបស់តារាចម្រៀង ថៃ នរបណ្ឌិត មានអត្ថន័យជ្រាលជ្រៅយ៉ាងណានោះ តោះទស្សនា និងស្ដាប់កម្សាន្តទាំងអស់គ្នា៖