(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញបើកការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកទូទាំងខេត្ត ប្រចាំឆ្នាំ២០២៤ ដើម្បីអបអរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជំនះ ៧ មករា ១៩៧៩-២០២៤ ដែលពិធីនេះធ្វើឡើងនៅបរិវេណកីឡាដ្ឋាន មុខមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម ក្នុងក្រុងកំពង់ចាម។

ស្ថិតក្នុងឱកាសនោះលោក អ៊ុន ចាន់ដា បានថ្លែងទៅកាន់ក្រុមកីឡាករកីឡាការិនីថា សូមឱ្យយុយនវជនគ្រប់រូប បង្វែចិត្តគំនិតមកលេងកីឡាឱ្យបានគ្រប់ៗគ្នា ពិសេសកីឡាដើម្បីសុខភាព ដើម្បីអភិវឌ្ឍផ្នែករាងកាយ បញ្ញា ស្មារតី សីលធម៌ ឱ្សសមស្របទៅតាមបញ្ញត្តិទាំងឡាយ ដែលមានក្នុងធម្មជាតិ។

ជាមួយគ្នានេះ លោកអភិបាលខេត្ត សូមផ្តាំផ្ញើដល់កីឡាករកីឡាការិនីទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំហ្វឹកហាត់បច្ចេកទេសបន្ថែមទៀត ដោយឈរលើកត្តាសាមគ្គីភាព បទបញ្ញត្តិ បទពិសោធន៍ពេលប្រកួត វិន័យពេលប្រកួត និងសីលធម៌ពេលប្រកួត ហើយត្រូវរក្សាឱ្យបានល្អបំផុត នៅពេលប្រកួតជៀសវាងកុំឱ្យមានភាពខុសឆ្គងដោយប្រការណាមួយ ដែលខុសពីបទបញ្ញត្តិ និងលក្ខន្តិកៈដែលគណៈកម្មការបច្ចេកទេសបានណែនាំមុនពេលប្រកួត គឺដាច់ខាតត្រូវតែមានវិន័យ និងសីលធម៌ជានិច្ច ទោះក្នុងកាលៈទេសៈបែបណាក៏ដោយ។

លោកអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទឹកចិត្តស្រឡាញ់វិស័យកីឡាពីសំណាក់ លោក លោកស្រី ដោយបានធ្វើពលិកម្មគ្រប់បែបយ៉ាង ទាំងកម្លាំងកាយចិត្ត ស្មារតី សម្ភារ និងថវិកាសម្រាប់ផ្គត់ផ្គង់ ដល់វិស័យនេះ និងសូមកោតសរសើរដល់មន្ទីរអប់រំ យុវជន និងកីឡាខេត្ត ដែលបានសហការយ៉ាងល្អ ជាមួយរដ្ឋបាលខេត្តកំពង់ចាម ក៏ដូចជាមន្ទីរ-អង្គភាពពាក់ព័ន្ធរដ្ឋបាលក្រុង/ស្រុក អង្គការសង្គមស៊ីវិល ដែលបាននាំគ្នាគាំទ្រ និងលើកស្ទួយដល់វិស័យកីឡា និងសូមឱ្យកីឡាករ កីឡាការិនីទាំងអស់ ខិតខំប្រឹងប្រែងហ្វឹកហាត់ ថែរក្សាប្រពៃណវប្បធម៌ និងដើម្បីដណ្តើមយកជ័យជម្នះជូនមន្ទីរ-អង្គភាព ក្រុង/ស្រុករបស់ខ្លួន និងសម្រាប់បន្តទៅចូលរួមក្នុងការ ប្រកួតនៅថ្នាក់ភូមិភាគ ថ្នាក់ជាតិ ថ្នាក់តំបន់ និងថ្នាក់អន្តរជាតិផងដែរ។

លោកអភិបាលខេត្ត ក៏បានយកឱកាសនោះអំពាវនាវដល់ក្រុមកីឡាករ កីឡាការិនី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ និងក្មួយៗសិស្សានុសិស្សទាំងអស់ សូមកុំភ្លេចការពារខ្លួនដើម្បីឱ្យចៀសផុតពីជំងឺកូវីដ-១៩ គឺត្រូវអនុវត្តតាមគោលការណ៍របស់ក្រសួងសុខាភិបាល និងវិធានការនានារបស់រដ្ឋបាលខេត្តកំពង់ចាមឱ្យបានខ្ជាប់ខ្ជួនផងដែរ៕