(ភ្នំពេញ)៖ ការប្រកួតកីឡាវ៉ូវីណាមជើងឯកថ្នាក់ជាតិ និងពានរង្វាន់គិរីសួគ៌ ឆ្នាំ២០២៣ បានបញ្ចប់ដោយជោគជ័យនាល្ងាចថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤ ក្រោយដំណើរការប្រកួតរយៈពេល ៣ថ្ងៃ នៅសាលដំបូលទូក នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយក្រុមកីឡាវ៉ូវីណាមក្រសួងការពារជាតិ បានបន្ដគ្រងកំពូលតារាងមេដាយជាថ្មី បន្ទាប់ពីដណ្ដើមបានមេដាយមាសជាងពាក់កណ្ដាល នៃវិញ្ញាសាសរុប។

ពិធីបិទការប្រកួតនេះបានប្រព្រឹត្តទៅ ក្រោមវត្តមានលោក ម៉ុង គីមហេង រដ្ឋលេខាធិការក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានកិត្តិយសសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងលោក អ៊ូ រតនា ប្រធានសហព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំ តំណាងដៃគូឧបត្ថម្ភ ប្រតិភូ និងកីឡាករ-កីឡាការិនីជាច្រើនទៀត។

លោក យ៉ាំ ថៃសាន អគ្គលេខាធិការសហព័ន្ធបានបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ ដែលផ្ដោតសំខាន់លើយុវជននេះ មានប្រតិភូ និងកីឡាករ-កីឡាការិនីចូលរួមសរុប ១២៨នាក់ មកពី ១៣សមាគម/ក្លិបនិងធ្វើការប្រកួតលើ ២២វិញ្ញាសា។ ការប្រកួតបានធ្វើឡើងពីថ្ងៃទី០២-០៤ ខែមករា ឆ្នាំ២០២៤។

ចំពោះលទ្ធផលបច្ចេកទេស ក្រុមក្រសួងការពារជាតិបានបន្ដឈរកំពូលតារាងមេដាយ ៤ឆ្នាំជាប់គ្នា បន្ទាប់ពីដណ្ដើមបានមេដាយសរុប ១៦គ្រឿង (មាស ១២ ប្រាក់ ២ និងសំរឹទ្ធ ២) និងក្រុមក្រសួងមហាផ្ទៃ ឈរលេខ២ ដណ្ដើមបានមេដាយសរុប ២១គ្រឿង (មាស ៧ ប្រាក់ ៩ និងសំរឹទ្ធ ៥) ខណៈក្លិបកីឡាវ៉ូវីណាមសែនសុខ ឈ្នះមេដាយសរុប ៨គ្រឿង (មាស ១ ប្រាក់ ៤ និងសំរឹទ្ធ ៣) ឈរលេខ៣។ រីឯខេត្តព្រៃវែង ឈរលេខ៤ ឈ្នះមេដាយសរុប ៨គ្រឿង (មាស ១ ប្រាក់ ១ និងសំរឹទ្ធ ៦) និងក្លិបតារាជ ឈរលេខ៥ ឈ្នះមេដាយមាស ១គ្រឿង។

ក្រោយចប់ការប្រកួតលោក អ៊ូ រតនា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំ ពិសេសការខិតខំប្រឹងប្រែងរបស់កីឡាករ-កីឡាការិនី ដែលក្រោយហ្វឹកហាត់នៅតាមក្លិប បានយកមកបញ្ចេញអស់ពីសមត្ថភាព និងទេពកោសល្យក្នុងការប្រកួតជំនាញកម្រិតខ្ពស់។ លោកថា កីឡាមានឈ្នះ-ចាញ់ជារឿងធម្មតា ដូច្នេះទោះបីទទួលបានជយលាភី ឬអត់ សូមកីឡាករ-កីឡាការិនីទាំងអស់ បន្ដខិតខំហ្វឹកហាត់ ដើម្បីក្លាយជាធនធានបន្ដវេនប្រកបដោយសក្ដានុពល និងមានឱកាសចូលរួមប្រកួតថ្នាក់ជាតិ-អន្ដរជាតិក្រោយៗទៀត។

ឆ្លៀតឱកាសនោះប្រធានសហព័ន្ធដដែល បានរំលេចពីសមិទ្ធផលក្នុងឆ្នាំ២០២៣ ក្នុងអាណត្តិចាស់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន និងអាណត្តិថ្មី ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត គឺបានទទួលលទ្ធផលគួរជាទីមោទនភា ដែលកីឡាវ៉ូវីណាមកម្ពុជា ដណ្ដើមបានមេដាយសរុប ២៧គ្រឿង (មាស ១០ ប្រាក់ ៩ និងសំរឹទ្ធ ៨) ក្នុងស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ និងការដណ្ដើមបានមេដាយ ២០គ្រឿង (មាស ៦ ប្រាក់ ៥ និងសំរឹទ្ធ ៩) ក្នុងការប្រកួតជើងឯកពិភពលោក លើកទី៧ ឆ្នាំ២០២៧ នៅវៀតណាម។

លទ្ធផលនេះ ឆ្លុះបញ្ចាំងឲ្យពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រសួងអប់រំ យុវជន និងកីឡា គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគ្រប់ភាគីពាក់ព័ន្ធ ដែលតែងជួយជ្រោមជ្រែង និងផ្ដល់ការគាំទ្រដល់សហព័ន្ធ រហូតដណ្ដើមបានជោគជ័យដ៏ត្រចះត្រចង់។តាមរយៈនេះ លោកបានជំរុញឲ្យកីឡាករ-កីឡាការិនីទាំងអស់ បន្ដការខិតខំប្រឹងប្រែង ដើម្បីឈានទៅដណ្ដើមមេដាយ និងកិត្តិយសជូនជាតិជាបន្ដបន្ទាប់ទៀត ក្នុងព្រឹត្តិការណ៍អន្ដរជាតិនានា នៅក្នុងឆ្នាំ២០២៤ និងស៊ីហ្គេម ឆ្នាំ២០២៥ នៅថៃ ពិសេសដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា។ លោក អ៊ូ រតនា បន្ថែម៕