(តូរីន)៖ ក្រុមបាល់ទាត់សេះបង្កង់ Juventus នឹងពើបប្រទះគូប្រជែង Frosinone សម្រាប់វគ្គ ៨ក្រុមចុងក្រោយពានរង្វាន់លំដាប់ទី២ Italian Cup របស់អ៊ីតាលីជាបន្តទៀត នៅពេលវាយបកបំបាក់ Salernitana ៦-១ បញ្ចប់វគ្គ ១៦ក្រុមយប់មិញ។

នេះមានន័យថា Juventus នឹងប៉ះក្រុមខ្លាំង Frosinone ដែលពួកគេ (Frosinone) ទើបតែទម្លាក់ក្រុមជើងឯក Serie A ពពកស Napoli ចេញពី Italian Cup ត្រឹមវគ្គ ១៦ក្រុម តាមរយៈលទ្ធផលឈ្នះ ៤ទល់នឹង០ ឯណោះកាលពីចុងឆ្នាំ២០២៣។

កីឡាករ Chukwubuikem របស់ក្រុម Salernitania ជាអ្នករកបានគ្រាប់បែកពងមាន់ ក្រោយកញ្ចែចាប់ផ្តើមប្រកួតមិនដល់ ១នាទីស្រួលបួលផងក្នុងកីឡដ្ឋាន Allianz Arena នៅពេល Fabio Miretti រកបានគ្រាប់តាមស្មើមកវិញនៅ ១១នាទីបន្ទាប់ និងមិត្តរួមក្រុម Andrea Cambiaso ជួយជ្រោមជ្រែង Juventus នាំមុខវិញ។

ជាមួយគ្នានោះ Juventus ដែលដឹកនាំដោយលោក Massimiliano Allegri នឹងធ្វើជាម្ចាស់ផ្ទះទទួលក្រុម Frosinone គ្រាដែល Fiorentina ប្រឈមនឹង Bologna ហើយ Lazio ស្វាគមន៍ Roma និង AC Milan ជួប Atalanta ពីក្នុងវគ្គ ៨ក្រុមចុងក្រោយដូចគ្នា។

Juventus នឹងត្រូវធ្វើដំណើរទៅប៉ះម្ចាស់ផ្ទះ Salernitania ម្តងទៀតនៅរាត្រីថ្ងៃអាទិត្យចុងសប្តាហ៍នេះ ក្នុងលីគកំពូល Serie A វិញម្តង ដើម្បីប្រកួតបញ្ចប់ជើងទី១ នារដូវកាលនេះ ស្របពេលសេះបង្កង់កំពុងឈរនៅលេខ២ និងគូប្រជែងវិញឈរនៅបាតតារាងនៃពិន្ទុលីគ៕