(បរទេស)៖ ក្រុមហ៊ុនចិន Luxshare នឹងក្លាយជាក្រុមហ៊ុនដំឡើង iPhone ធំទីពីររបស់ពិភពលោកនាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីបានទិញយកភាគហ៊ុនប្រមាណ ៦២.៥ភាគរយពីក្រុមហ៊ុនផ្គត់ផ្គង់ iPhone ដ៏ធំ Pegatron Corp។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Nikkie Asia នៅថ្ងៃទី០៥រ ខែមករា ឆ្នាំ២០២៤។

ក្រុមហ៊ុនរបស់តៃវ៉ាន់ Pegatron ដែលជាក្រុមហ៊ុនផ្គត់ផ្គង់ និងដំឡើង iPhone យូរមកហើយនោះ បានប្រកាសនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ខ្លួននឹងលក់ភាគហ៊ុននៅក្នុងរោងចក្រ Kunshan ដែលមានតម្លៃប្រមាណ ២៩៦លានដុល្លារ ទៅឱ្យ Luxshare។ ជាលទ្ធផល Pegatron បាននិយាយនៅក្នុងឯកសារមួយទៅកានផ្សារហ៊ុនថា ចាប់ពីការប្រកាសចុងក្រោយនេះ ខ្លួននឹងកាន់កាប់ភាគហ៊ុនត្រឹមតែ ៣៧.៥ភាគរយប៉ុណ្ណោះ ដែលសល់ប៉ុន្មានទៀត Luxshare នឹងជាអ្នកកាន់កាប់ ហើយក៏ជាម្ចាស់ភាគហ៊ុនធំផងដែរ។

គួរជម្រាបដែរថា ការទិញយកនេះត្រូវបានគេរំពឹងថា Luxshare នឹងអាចប្រកួតប្រជែងជាមួយនឹង Foxconn បានកាន់តែងាយស្រួលជាងមុន ខណៈក្រុមហ៊ុនទាំងពីរនេះស្ទើរតែកាន់ភាគហ៊ុនផ្គត់ផ្គង់ iPhone ប្រហាក់ប្រហែលគ្នា។ ក្នុងពេលដ៏ខ្លីខាងមុខនេះ iPhone, iPad និងផលិតផលភាគច្រើនផ្សេងទៀតរបស់ Apple នឹងត្រូវបានផ្គត់ផ្គង់ដោយ Luxshare ហើយក្រុមហ៊ុនយក្សអាមេរិកនេះ ក៏ពិបាកនឹងកាត់ផ្តាច់ពីការផ្គត់ផ្គង់របស់ក្រុមហ៊ុនចិនផងដែរ បើទោះបីជាព្យាយាមគេចចេញពីចិនក៏ដោយ៕