(ម៉ាឌ្រីដ)៖ ក្រុមការពារតំណែងជើងឯក FC Barcelona បានបញ្ចប់ជើងទី១ ក្នុងលីគកំពូលអេស្ប៉ាញសម្រាប់រដូវកាលនេះជាផ្លូវការហើយ តាមរយៈវាយបកយកជ័យលើម្ចាស់ផ្ទះ Las Palmas ២-១ ចុងម៉ោងនារាត្រីឆ្លងចូលថ្ងៃសុក្រ ទី០៥ ខែមករា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា)។

យ៉ាងណានេះក៏ជាជ័យជម្នះលើកទី១២ ក្នុងចំណោម ១៩ប្រកួតនៅ La Liga នារដូវកាលឆ្នាំ២០២៣-២០២៤ ដោយរកបាន ៤១ពិន្ទុឈរនៅលេខរៀងទី៣ បណ្តោះអាសន្នចាញ់ក្រុមកំពូលតារាង Real Madrid មកនៅត្រឹម ៧ពិន្ទុវិញ។

អតីតខ្សែបម្រើក្លិប Manchester City គឺ Ilkay Gundogan ជាអ្នករកបានគ្រាប់ជ័យជម្នះនៅនាទីចុងម៉ោង ដោយបាល់ ១១ម៉ែត្រ និងជាក្រុមទី៣ ក្នុងលីគ La Liga នារដូវកាលនេះសម្រាប់កីឡាករអន្តរជាតិអាល្លឺម៉ង់នេះដែរ ក្រោយពេល Ferran Torres សមាជិកមកពីក្លិបអង់គ្លេសដូចគ្នា រកបានគ្រាប់តាមស្មើ ១-១ តាំងពីដើមវគ្គទី១ ដ្បិតកីឡាករ El Haddadi ជាអ្នករកបានគ្រាប់បែកពងមាន់ឱ្យម្ចាស់ផ្ទះ Las Palmas តាំងតែពីនាទី១២ មក។

តាមរយៈលទ្ធផលនេះ បានធ្វើឲ្យក្រុមរបស់លោក Xavi Hernandez បានបញ្ចប់ក្នុងតារាងលីគ La Liga នៅចំណាត់ថ្នាក់លេខ៣ ដែលជាទីតាំងខ្ពស់បំផុតលើកទី២ ផងដែរសម្រាប់ពួកគេ ក្នុងចំណោម ៥រដូវកាលចុងក្រោយនេះ នៅពេល Las Palmas បន្តឈរនៅលេខ១០ ជាមួយនឹង ២៥ពិន្ទុ បង្កើនកំណត់ត្រាចាញ់កើនដល់ ៨លើក ក្នុងចំណោម ១៩ប្រកួតដែរ៕