(មេនឆេស្ទើ)៖ ខ្សែការពារសញ្ជាតិអេស្ប៉ាញ Sergio Reguilon បានវិលត្រឡប់ទៅកាន់ក្លិបចាស់ Tottenham Hotspur វិញ បន្ទាប់ពីក្លិប Manchester United ដែលលេងនៅលីគ Premier League ដូចគ្នា បានបញ្ចប់កិច្ចសន្យាលេងខ្ចីជើងរបស់លោក។ នេះបើតាមក្លិបម្ចាស់កីឡដ្ឋាន Old Trafford បានប្រកាស ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។

Reguilon បានចូលរួមជាមួយបិសាចក្រហម ក្នុងលក្ខខណ្ឌខ្ចីជើង ១រដូវកាលនាខែកញ្ញា ដើម្បីជំនួសកន្លែង Luke Shaw និងកីឡាករ Tyrell Malacia ដែលមានរបួស ដោយបានបង្ហាញខ្លួន ១២លើក នៅក្នុងការប្រកួតទាំងអស់សម្រាប់ក្លិប។

Shaw និង Malacia ត្រូវបានគេរំពឹងថា នឹងអាចចូលរួមប្រកួតវិញក្នុងពេលឆាប់ៗនេះ នៅពេលជាសះស្បើយពីរបួស។

«Sergio Reguilon បានវិលត្រឡប់ទៅកាន់ក្លិប Tottenham Hotspur ដែលជាអាណាព្យាបាលរបស់គាត់វិញហើយ បន្ទាប់ពី Manchester United បានបញ្ចប់កិច្ចសន្យាខ្ចីជើងរបស់លោក» នេះបើតាម Man Utd បានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។

សូមជម្រាបថា Reguilon វ័យ ២៧ឆ្នាំ បានចូលរួមជាមួយក្លិប Spurs កាលពីឆ្នាំ២០២០ លើកិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំ ផ្ទេរមកពីក្លិប Real Madrid និងបានបង្ហាញខ្លួន ៥២លើកក្នុងលីគ ក្នុងរយៈពេល ២រដូវកាលដំបូងរបស់លោកដែរ៕