(ប្រាក)៖ សាធារណរដ្ឋឆេក បានសម្រេចតែងតាំងលោក Ivan Hasek ជាលើកទី២ ក្នុងនាមជាគ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិ នៅថ្ងៃព្រហស្បតិ៍ ដើម្បីដឹកនាំក្រុមដើម្បីប្រជែងពានរង្វាន់ European Championship ក្នុងឆ្នាំនេះ។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤។

បុរសវ័យ ៦០ឆ្នាំខាងលើនេះ បានបន្តតំណែងពីលោក Jaroslav Silhavy ដើម្បីដឹកនាំក្រុមឆេក ទៅចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ជើងឯកអឺរ៉ុប European Championship នៅប្រទេសអាល្លឺម៉ង់។

លោក Silhavy បានលាលែងចេញពីតំណែង បន្ទាប់ពីមានការរិះគន់ទៅលើទម្រង់លេងមួយចំនួនរបស់ក្រុម ក្នុងពេលប្រកួតជម្រុះ។

លោក Hasek ដែលធ្លាប់ជាប្រធានក្រុមជម្រើសជាតិឆេកូស្លូវ៉ាគី អំឡុងពេលពួកគេ ឡើងដល់វគ្គ ៨ក្រុមចុងក្រោយ World Cup ក្នុងឆ្នាំ១៩៩០ នោះ ធ្លាប់បានដឹកនាំក្លិប Sparta Prague ដណ្តើមបានពានរង្វាន់លីគចំនួន ២លើក ក្នុងនាមជាគ្រូបង្វឹក និងធ្លាប់ធ្វើជាគ្រូបង្វឹករយៈពេលខ្លី ដឹកនាំក្រុមជម្រើសជាតិឆេក ក្នុងឆ្នាំ២០០៩ ផងដែរ។

​អតីតខ្សែបម្រើក្លិប Sparta Prague ដែលបានចំណាយពេលវេលាភាគច្រើន នៃការងារជាអ្នកចាត់ការរបស់លោក នៅក្រៅប្រទេសនោះ បានចុះកិច្ចសន្យាដឹកនាំឆេករហូតដល់យុទ្ធនាការ ប្រកួតជម្រុះ World Cup ឆ្នាំ២០២៦។

សូមជម្រាបថា Euro 2024 នឹងចាប់ផ្តើមនៅទីក្រុង Munich នាថ្ងៃទី១៤ ខែមិថុនា ហើយនឹងបញ្ចប់ទៅវិញនៅទីក្រុង Berlin នាថ្ងៃទី១៤ ខែកក្កដាខាងមុខ៕