(បរទេស)៖ ពេលវេលាទន្ទឹងរង់ចាំមកជាយូរ ពេលនេះកាន់តែខិតជិតហើយ ក្រុមហ៊ុន Samsung បានប្រកាសកំណត់កាលបរិច្ឆេទជាផ្លូវការសម្រាប់ព្រឹត្តិការណ៍ Galaxy Unpacked ដែលនឹងធ្វើឡើងនៅថ្ងៃទី១៧ ខែមករា។ ព្រឹត្តិការណ៍នេះនឹងមានផ្សាយបន្តផ្ទាល់នៅលើគេហទំព័រផ្លូវការរបស់ Samsung ហើយនឹងចាប់ផ្តើមពីម៉ោង ១០:០០ព្រឹកនៅបរទេស ដែលត្រូវនឹងម៉ោង ១:០០រំលងអាធ្រាតចូលថ្ងៃទី ១៨ ខែមករានៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣។

ព្រឹត្តិការណ៍ Galaxy Unpacked ដ៏ធំប្រចាំឆ្នាំ២០២៤ របស់ Samsung គឺជាព្រឹត្តិការណ៍ប្រកាសបង្ហាញកំពូលស្មាតហ្វូន Galaxy S24 ទាំង ៣ម៉ូដែលរបស់គេរួមមាន Galaxy S24, Galaxy S24+ និង Galaxy S24 Ultra។ ក្នុងព្រឹត្តិការណ៍នោះ ក៏ត្រូវបានគេរំពឹងថា នឹងមានចេញមកជាមួយនឹងបច្ចេកវិទ្យាថ្មីៗជាច្រើន ព្រមទាំងការប្រកាសបង្ហាញ Galaxy AI ថ្មីរួមទាំង One UI 6.1 ថែមទៀតផង។

ដូច្នេះដើម្បីដឹងលម្អិតអំពីការប្រកាសបង្ហាញនៅក្នុងព្រឹត្តិការណ៍ Galaxy Unpacked សូមចូលរួមទស្សនានៅលើគេហទំព័រផ្លូវការរបស់ Samsung ដូចជា Samsung.com, Samsung Newsroom និង Channel YouTube ផ្លូវការរបស់ Samsung ជាដើម៕