(ភ្នំពេញ)៖ អស់រយៈជាង១០ឆ្នាំហើយដែលកម្ពុជា បានទទួលស្គាល់ការវិនិយោគលើការជួញដូរឧបករណ៍និស្សន្ទ (Derivatives Instrument Trading)។

ការជួញដូរឧបករណ៍និស្សន្ទ គឺការជួញដូរលើកិច្ចសន្យាគម្លាតថ្លៃ (Contract For Difference) នៃឧបករណ៍ហិរញ្ញវត្ថុដើម ដែលចេញពីមូលបត្រកម្មសិទ្ធិ មូលបត្របំណុល សន្ទស្សន៍ លោហធាតុមានតម្លៃ ប្រេងឆៅ ឧស្ម័នធម្មជាតិ កសិផល រូបិយប័ណ្ណ រួមទាំងគម្រោងការពារថ្លៃដើម ​ដែលត្រូវបានជួញដូរក្នុងទីផ្សារ។ ឧបករណ៍និស្សន្ទទាំងនេះ គឺជាឧបករណ៍ហិរញ្ញវត្ថុ ដែលជាប្រភេទមួយនៃមូលបត្រ។

វិនិយោគិន ដែលជួញដូរលើឧបករណ៍និស្សន្ទអាចទទួលបាននូវប្រាក់ចំណេញខ្ពស់ និងឆាប់រហ័ស ក៏ប៉ុន្តែហានិភ័យក៏ខ្ពស់ដូចគ្នាដែរ ។ ហើយវិនិយោគិនអាចជួញដូរបានទៅលើរូបិយប័ណ្ណជាច្រើនប្រភេទ ដូចជា ៖ ប្រាក់អឺរ៉ូប ប្រាក់ដុល្លារ ប្រាក់យ័ន្ត ឬប្រាក់យ៉េន (EUR/USD, USD/JPY, GBP/USD, USD/CHF, AUD/USD, NZD/USD, USD/CAD, EUR/GBP ) ហាងឆេង ប្រេង និង ហាងឆេងផលិតផល កសិកម្ម នានា ដូចជា ពោត សណ្តែក ស្រូវ សាលី ធ្យូងថ្ម ជាដើម។

លោក លន់ ប៉ុនរ៉ាដែន ប្រធានភ្នាក់ងារជើងសាឧបករណ៍និស្សន្ទ នៃក្រុមហ៊ុន Gold Financial Global Investment Co.,Ltd(GFG) បានលើកឡើងថា វិស័យមួយនេះបាននិងកំពុងតែផ្តល់នូវផលវិជ្ជមាន សម្រាប់សាធារណជន និងវិនិយោគិននាពេលបច្ចុប្បន្ននេះជាមួយនឹងចំណេះដឹងថ្មី បទពិសោធថ្មី នៅក្នុងការជួញដូររូបិយប័ណ្ណអន្តរជាតិ ឬឧបករណ៍និស្សន្ទ តាមបែបបច្ចេកវិទ្យាទំនើប ដោយមានភាពងាយស្រួល ចំណាយពេលតិច និងការចាប់ផ្តើមអាជីវកម្មថ្មីមួយ ដែលពុំចាំបាច់ត្រូវចំណាយ នូវដើមទុនច្រើនលើសលុប។

លោកលើកឡើងបន្តថា នាពេលខាងមុខឆាប់ៗនេះ វិស័យមួយនេះ នឹងជួយជំរុញកំណើនសេដ្ឋកិច្ចមួយផ្អែក ឱ្យមានការរីកចម្រើន ប្រសិនបើវិនិយោគិនប្រើប្រាស់វាបានត្រឹមត្រូវ។

ការវិនិយោគលើឧបករណ៍និស្សន្ទ អាចឱ្យវិនិយោគិនទទួលបានផលចំណេញខ្ពស់ ប្រសិនបើវិនិយោគិននោះមានចំណេះដឹង និងយល់ច្បាស់ពីហានិភ័យពាក់ព័ន្ធនឹងការជួញដូរឧបករណ៍និស្សន្ទ តែយ៉ាងណារាល់ការវិនិយោគសុទ្ធតែមានហានិភ័យដូចគ្នានេះដែរ ពោលគឺការវិនិយោគលើឧបករណ៍និស្សន្ទ នឹងធ្វើឱ្យអ្នកវិនិយោគអាចទទួលបានប្រាក់ចំណេញខ្ពស់ ប៉ុន្តែក៏មានហានិភ័យខ្ពស់ផងដែរ។

មានបទពិសោធន៍ជិត១០ឆ្នាំ ក្នុងវិស័យនេះ អ្នកជំនាញរូបនេះបានឱ្យដឹងថា ការវិនិយោគលើឧបករណ៍និស្សន្ទ ឬ Forex បើអ្នកចេះចាប់ឱកាស ស្វែងយល់ឱ្យបានច្បាស់ លោកអ្នកនឹងទទួលបានផលចំណេញពីការវិនិយោគនេះ។ ប៉ុន្តែ ប្រសិនលោកអ្នកមិនបានសិក្សាស្វែងយល់ ពីការវិនិយោគមួយនេះ ឱ្យបានច្បាស់លាស់ជាមុន នោះវានឹងបង្កទៅជាហានិភ័យ ដែលអាចនឹងធ្វើឱ្យយើងខាតបង់សាច់ប្រាក់ ក្នុងការវិនិយោគ។

លោកបន្តថា តម្លៃនៃឧបករណ៍និស្សន្ទតែងតែមានការប្រែប្រួលឡើង ឬចុះជារៀងរាល់ថ្ងៃ ទៅតាមស្ថានភាពសេដ្ឋកិច្ច និងនយោបាយពិភពលោក។ ដូចនេះបើចង់វិនិយោគលើវិស័យនេះ វិនិយោគិនទាំងអស់ ត្រូវតាមដានពីស្ថានភាពសេដ្ឋកិច្ច និងនយោបាយពិភពលោក និងត្រូវចេះធ្វើការសន្និដ្ឋាន ឬប៉ាន់ស្មានពីទំនោរទីផ្សារនេះ ឱ្យបានត្រឹមត្រូវ និងត្រូវជ្រើសរើសក្រុមហ៊ុនដែលទទួលបានអាជ្ញាប័ណ្ណ ឬការអនុញ្ញាតពី និយ័តករមូលបត្រកម្ពុជា (ន.ម.ក)។

លោកលើកទឹកចិត្តដល់អ្នក ដែលចង់ឈានជើងចូលវិស័យនេះ គួរចូលរួម និងជ្រើសរើសវគ្គសិក្សាណាមួយ ដែលទាក់ទងទៅការវិនិយោគ លើឧបករណ៍និស្សន្ទ ឬ Forex ឱ្យបានច្រើន មុននឹងចាប់ផ្តើមដាក់សាច់ប្រាក់វិនិយោគ។ ជាមួយគ្នានេះ ត្រូវជ្រើសនូវក្រុមហ៊ុនណាមួយ ដែលអាចទុកចិត្តបាន និងមានអាជ្ញាប័ណ្ណត្រឹមត្រូវ ទទួលស្គាល់ដោយនិយ័តករមូលបត្រកម្ពុជា៕