(បរទេស)៖ ខ្សែភាពយន្ត «Aquaman» វគ្គ២ ដែលសម្តែងដោយតារាប្រុសល្បីឈ្មោះ Jason Mamoa ត្រូវបានគេរំពឹងថា មិនអាចកើបប្រាក់ចំណេញបានទេ ត្បិតអ្នកវិភាគកុននានាឲ្យពិន្ទុរឿងនេះតិចតួចបំផុត។ តែយ៉ាងណា ពីមួយសប្តាហ៍ទៅមួយសប្តាហ៍ គេឃើញថាប្រាក់ចំណូលបានហក់ឡើងជាបន្តបន្ទាប់ រហូតពេលនេះឈានដល់២៧០លានដុល្លារ ក្រោយចាយទុនផលិតអស់២១៥លានដុល្លារ។

Aquaman វគ្គ២ ត្រូវបានគេដឹងថា  ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ក្នុងប្រទេសចិននៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ និងចាក់បញ្ចាំងនៅសហរដ្ឋអាមេរិក និងនៅតាមបណ្តាប្រទេសជាច្រើនទៀត នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ ភាពយន្ត ទទួលបានការវាយតម្លៃចម្រុះដោយសារតែសាច់រឿងរបស់វា។ លើសពីនេះ សម្រាប់ការបង្ហាញមុខតួសម្តែងស្រី Amber Heard គឺត្រូវបានកាត់ចេញឲ្យនៅសល់តិចបំផុត ដោយសាតែនាងមានរឿងរ៉ាវចម្រូងចម្រាសមួយចំនួនជាមួយអតីតស្វាមី។

តែយ៉ាងណា ពេលនេះ «Aquaman» វគ្គ២ បានឆ្លងផុតដំណាក់កាលភ័យបុកពោះហើយ បន្ទាប់ពីកើបប្រាក់ចំណូលបាន ២៧០លានដុល្លារ ពីការចាក់បញ្ចាំងតាមរោងកុននានាជុំវិញពិភពលោក ខណៈតួលេខនេះ ត្រូវបានគេមើលឃើញថា ហាក់ទទួលបានច្រើនគួរសម បើប្រៀបធៀបនឹងភាពយន្តដទៃដែលចាក់បញ្ចាំងនាចុងឆ្នាំ២០២៣ដូចគ្នា៕