(មេនឆេស្ទើ)៖ ក្លិបបិសាចក្រហម Manchester United និង Borussia Dortmund បាននឹងកំពុងពិភាក្សាគ្នា ស្តីពីការផ្ទេរជាលក្ខណៈខ្ចីជើងកីឡាករ​ Jadon Sancho។ នេះបើយោងតាមសារព័ត៌មាន The Athletic ចេញផ្សាយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។

ក្លិបដែលកំពុងលេងនៅលីគកំពូលអាល្លឺម៉ង់ Bundesliga កំពុងចង់ជួបជុំគ្នាវិញ ជាមួយកីឡាករវ័យ ២៣ឆ្នាំ ដែលបានចាកចេញទៅលេងឱ្យក្លិបម្ចាស់កីឡដ្ឋាន Old Trafford ក្នុងតម្លៃផ្ទេរ ៨៥លានអឺរ៉ូ កាលពីខែកក្កដា ឆ្នាំ២០២១។

កីឡាករអន្តរជាតិអង់គ្លេសរូបនេះ បានហ្វឹកហាត់ដាច់ដោយឡែកពីក្រុម ចាប់តាំងពីខែកញ្ញាមក បន្ទាប់ពីបដិសេធក្នុងការសុំទោសអ្នកចាត់ការ Erik ten Hag ក្រោយមានជម្លោះពាក់ព័ន្ធនឹង ការចូលរួមរបស់លោកនៃជំនួបចាញ់ Arsenal។

សូមរំលឹកផងថា ការប្រកួតចុងក្រោយរបស់ Sancho ជាមួយបិសាចក្រហមកាលលេងឈ្នះ Nottingham Forest នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ដោយលោកបានបង្ហាញខ្លួន ៨២លើក និងរកបាន ១២គ្រាប់ផងដែរ៕