(ម៉ាឌ្រីដ)៖ អធិរាជស Real Madrid របស់លោក Carlo Ancelotti បានបង្កើនកំណត់ត្រាលេង ១៨ប្រកួតគ្រប់កម្មវិធី មិនចាញ់ឡើយសម្រាប់រដូវកាលនេះ ក្រោយពេលយកឈ្នះគូប្រជែង Mallorca ១-០ នៅរាត្រីឆ្លងចូលថ្ងៃព្រហស្បតិ៍ ទី០៤ ខែមករា ឆ្នាំ២០២៤ (ម៉ោងនៅកម្ពុជា)។

សម្រាប់ ១ប្រកួតបញ្ចប់ជើងទី១ ក្នុងលីគ La Liga នារដូវកាលនេះពីសប្តាហ៍ទី១៩ នៅកីឡដ្ឋាន Santiago Bernabeu វាបានក្លាយជាជ័យជម្នះលើកទី១៥ ក្រៅពីស្មើ៣ និងចាញ់តែ ១លើកប៉ុណ្ណោះ ស្ថិតិស្មើគ្នាដូចទៅនឹងក្រុមលេខ២ Girona ផងដែរ ដោយរកបាន ៤៨ពិន្ទុស្មើគ្នា។

កីឡាករ Antonio Rudiger ជាអ្នកតែតបញ្ចូលទីបានសម្រេចនៅនាទី៧៨ ក្រោយទទួលបាល់ពីមិត្តរួមក្រុម Luka Modric និងជាគ្រាប់ទី១ របស់ខ្សែការពារអន្តរជាតិអាល្លឹម៉ង់ផងដែរ ក្នុងលីគអេស្ប៉ាញរដូវកាលនេះ។

ជាមួយគ្នានោះ Real ក៏បាននាំមុខកំពូលតារាងដាច់ ១០ពិន្ទុផងដែរ បើធៀបនឹងក្រុមការពារតំណែងជើងឯក FC Barcelona ដែលបានកំពុងឈរនៅលេខរៀងទី៤ ជាមួយនឹង ៣៨ពិន្ទុ ដោយនៅសល់ ១ប្រកួតក្នុងដៃមុនពេលបញ្ចប់ជើងទី១ ដ្បិតអធិរាជសប្រដេញគ្នាជាមួយ Girona ដែលឈរជើងលេងនៅ La Liga សម្រាប់រដូវកាលទី៤ របស់ពួកគេ ដោយពុំដែលបញ្ចប់ក្នុងចំណាត់ថ្នាក់តិចជាង១០ ឡើយនាពេលកន្លងមក៕