(ឡាហ្គោស)៖ ខ្សែបម្រើ Wilfred Ndidi ត្រូវបានដកឈ្មោះចេញពីក្រុមបាល់ទាត់ជម្រើសជាតិនីហ្សេរីយ៉ា សម្រាប់ព្រឹត្តិការណ៍ Africa Cup of Nations ដោយសារមានបញ្ហារបួស ហើយត្រូវបានដាក់ជំនួសវិញ ដោយកីឡាករ Alhassan Yusuf ដែលកំពុងលេងនៅក្លិបប៊ែលហ្សិក Royal Antwerp។ នេះបើយោងតាមការឱ្យដឹងពីសហព័ន្ធ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៤។

Ndidi វ័យ ២៧ឆ្នាំ បានរងរបួសនៅអំឡុងពេលលេងឱ្យក្លិប Leicester City ដោយឈ្នះ ២-០ លើ Cardiff City កាលពីថ្ងៃទី២៩ ខែធ្នូ បើទោះបីជាព័ត៌មានលម្អិតស្តីពីការរបួសរបស់លោក មិនត្រូវបានបញ្ជាក់ដោយក្លិប និងសហព័ន្ធបាល់ទាត់នីហ្សេរីយ៉ាក៏ដោយ។

មិត្តរួមក្លិប Leicester កីឡាករ Kelechi Iheanacho ក៏កំពុងមានបញ្ហារបួសផងដែរ ប៉ុន្តែនៅតែមានឈ្មោះរួមក្រុមនីហ្សេរីយ៉ា នៅទីក្រុង Abu Dhabi។ នេះបើតាមសហព័ន្ធបានបន្ថែម ក្នុងសេចក្តីថ្លែងការណ៍។

នីហ្សេរីយ៉ា នឹងប្រកួតបើកយុទ្ធនាការប្រចាំតំបន់ Cup of Nations របស់ពួកគេនៅថ្ងៃទី១៤ ខែមករា ទល់នឹងក្រុមអេក្វាទ័រហ្គីណេ ក្នុងពូល A។ ពួកគេក៏នឹងជួបក្រុមម្ចាស់ផ្ទះកូតឌីវ័រ និងហ្គីណេប៊ីស នៃវគ្គសន្សំពិន្ទុពូលផងដែរ៕